ព័ត៌មានជាតិ

ប្រជាកសិករសាទរ ចំពោះការនាំចេញ ម្រេចកម្ពុជា ទៅប្រទេសចិន

ប្រជាកសិករដាំដំណាំម្រេច បានបង្ហាញពីទឹកចិត្តត្រេកអរជាខ្លាំង ពេលដឹងដំណឹងថា ភាគីចិនបានសម្រេច ឲ្យនាំម្រេចចូលម្រេច ទៅទីផ្សាប្រទេសចិន ដោយផ្ទាល់ សប្បាយចិត្តខ្លាំង ព្រោះរំពឹងថា តម្លៃម្រេចនឹងភាពល្អប្រសើរឡើងវិញ ហើយក៏សង្ឃឹមថា ដំណើរការ នៃការនាំចេញ ទៅទីផ្សាចិននឹងកើតមាន ឆាប់ៗខាងមុខនេះ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ វិច្ឆិកា ២០២២ ស្ថានទូតចិនប្រចាំកម្ពុជាបានប្រកាសថា «រដ្ឋបាលគយប្រទេសចិន បានចេញសេចក្តីប្រកាស ស្តីអំពីលក្ខខណ្ឌ តម្រូវការ ភូតគាមអនាម័យ សម្រាប់ការនាំចូលម្រេចកម្ពុជា ទៅកាន់ប្រទេសចិន ។ ក្នុងសេចក្តីប្រកាស បង្ហាញទៀតថា យោងតាមច្បាប់ បទប្បញ្ញត្តិពាក់ព័ន្ធក្នុងប្រទេសចិន និងបទប្បញ្ញត្តិរវាងរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិត ចិន និង ក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីលក្ខខណ្ឌតម្រូវការភូតគាមអនាម័យ សម្រាប់ការនាំចូលម្រេចកម្ពុជា ទៅកាន់ប្រទេសចិន បានឱ្យដឹងថា ចាប់ពីថ្ងៃ នៃការប្រកាសតទៅ អនុញ្ញាតនាំចូលតែម្រេចកម្ពុជា ដែលសមស្របនឹងលក្ខខណ្ឌតម្រូវការ» ។

ពេលដែលបានដឹងដំណឹងនេះ លោក ទិត វន ដែលជាម្ចាស់ចំការម្រេចមួយកន្លែង មានទំហំដាំដំណាំម្រេច ប្រមាណកន្លះហិចតា ក្នុងខេត្តកំពត បានប្រាប់វិទ្យុមិត្តភាពមិត្តភាពកម្ពុជា-ចិនថា នេះគឺជាដំណឹងដ៏ល្អ ដែលលោកសប្បាយចិត្តណាស់ ពេលបានដឹង ហើយលោកសង្ឃឹមថា នឹងមានក្រុមហ៊ុនចិនមកវិនិយោគឬ មកជួយទិញម្រេចរបស់លោក នាំចេញទៅប្រទេសចិន ក្នុងពេលឆាប់ៗខាងមុខនេះ។ លោកក៏ជឿជាក់ថា ប្រជាកសិករនឹងមានជីវភាពកាន់តែធូរធា តាមរយៈការនាំម្រេច ចូលទៅទីផ្សាប្រទេសចិន ដោយផ្ទាល់បែបនេះ ។

«ខ្ញុំក៏សូមសំណូមពរដល់ភាគីចិន ទិញឆាប់ៗ អាចឆ្នាំក្រោយនេះ ហើយបើនិយាយពីគុណភាពវិញ ម្រេចកំពតហិលល្អ ហើយធ្ងន់ ពេលនាំទៅភ្នំពេញអី គេសរសើរថា ម្រេចកំពតមានគុណភាពហិលល្អ និងធ្ងន់ជាងគេ.. ខ្ញុំក៏សប្បាយចិត្តដែរ ពេលដឹងថា ក្រុមហ៊ុនចិននាំចេញទៅ សប្បាយចិត្តខ្លាំង ដែលធ្វើឲ្យកសិករធូរធា ខ្ញុំក៏សូមអរគុណណាស់» ។

លោក ទិត វន ដែលក៏ជាសមាជិក នៃសមាគមម្រេចកំពតដែរនោះ បានប្រាប់បន្ថែមថា ចំការម្រេចរបស់លោកមានទីតាំង ស្ថិតនៅភូមិអង្គរជ័យទី២ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។ លោកថា ចំការទំហំប្រមាណកន្លះហិចតានេះ អាចប្រមូលផលបាន ចន្លោះពី៣០០ ទៅ៤០០គីឡូក្រាម កាលពីឆ្នាំមុន ប៉ុន្តែឆ្នាំនេះអាចថយចុះបន្តិច ហើយតម្លៃវិញក៏ធ្លាក់ចុះដែរ ដោយលោកថា ម្រេចមួយគីឡូ អាចលក់បានចន្លោះពី ៣ម៉ឺន ឬ ៤ម៉ឺនរៀល ជាតម្លៃមួយធ្លាក់ចុះ បើធៀបនឹង កាលពីប៉ុន្មានឆ្នាំមុន ដូច្នេះ លោកសង្ឃឹមថា មានតម្លៃល្អប្រសើរឡើងវិញ។ លោកបានបញ្ជាក់បន្ថែមថា ក្រុមការងារសមាគមម្រេចកំពតតែងតែមកបាញ់ថ្នាំធម្មជាតិ មិនប្រើប្រាស់គីមីនោះទេ ដែលធ្វើឲ្យគុណភាពម្រេចរបស់លោក កាន់តែល្អប្រសើរ ។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៩មក កសិផលកម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន មានជាបន្តបន្ទាប់រួមមានចេក ស្វាយ ត្រីប្រា ពោត និងមៀន។ បច្ចុប្បន្ន ភាគីទាំងពីរកំពុងជំរុញពន្លឿនការនាំចេញកសិផលកម្ពុជា ទៅកាន់ប្រទេសចិនបន្ថែមទៀត រួមមានដូចជាម្រេច ជលផល សំបុកត្រចៀកកាំ ដូង ។ល។

នៅកម្ពុជា មានផ្ទៃដីចម្ការម្រេចប្រហែល ៦០០០ ហិកតា នៅខេត្តចំនួន ១៨ ដែលក្នុងនោះ ចម្ការម្រេចមានច្រើននៅខេត្តត្បូងឃ្មុំ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី នេះបើតាមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top