ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឱ្យ មានការវិនិយោគបន្ថែម ពីសំណាក់វិនិយោគិន និងធុរជនជប៉ុនមកកាន់តំបន់អាស៊ាន ជាពិសេសមកកាន់កម្ពុជាផ្ទាល់តែម្ដង។
នាឱកាសអញ្ជើញជួប ពិភាក្សាការងារជាមួយលោក MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ដែលនឹងបញ្ចប់អាណត្តិ នាថ្ងៃទី២៩ វិច្ឆិកា លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណចំពោះ លោកឯកអគ្គរាជទូត នូវសមិទ្ធិផលនានាក្នុងការរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា លើគ្រប់វិស័យ និងធ្វើឱ្យទំនាក់ទំនងនៃ ប្រទេសទាំងពីរកាន់តែមានភាពស្អិតរមួត និងកាន់តែរីកចម្រើនបន្ថែមទៀត។
លោក ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនសម្រាប់ការ បរិច្ចាគវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចំនួនប្រមាណ ១.៣លានដូស តាមរយៈយន្ដការ COVAX ក៏ដូចជាការផ្តល់ជំនួយហិរញ្ញប្បទាន និងបច្ចេកទេសក្នុងការគាំទ្រ ដល់គម្រោងអភិវឌ្ឍន៍នានា ដើម្បីជួយស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។
ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ លោករដ្ឋមន្រ្តី បានបង្ហាញនូវការគាំទ្រចំពោះ គំនិតផ្ដួចផ្ដើមទាំងឡាយរបស់ភាគីជប៉ុន ដើម្បីជំរុញគាំទ្រដល់ការលើកកម្ពស់ ភាពធនរឹងមាំរបស់ច្រវ៉ាក់ផ្គត់ផ្គង់តំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចិរភាព និងបរិយាបន្ន។
ក្នុងនោះ លោក បញ្ជាក់ថា «លើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែម ពីសំណាក់វិនិយោគិន និងធុរជនជប៉ុនមកកាន់តំបន់អាស៊ាន ជាពិសេសមកកាន់កម្ពុជាផ្ទាល់តែម្ដង»។
ជាការឆ្លើយតប លោកឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ផងដែរ នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំងពីរ នឹងបានជឿជាក់យ៉ាងមុតមាំថា កិត្តិនាមរបស់កម្ពុជានឹងកាន់តែ ត្រូវបានទទួលស្គាល់ក្នុងតំបន់ និងសាកលលោក បន្ទាប់ពីការទទួលបានភាពជោគជ័យ ក្នុងការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំនេះ។
នាឱកាសនោះ ភាគីទាំងពីរ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការ បង្កើនទំនាក់ទំនងដ៏យូរអង្វែង និងការពង្រឹងបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សំដៅពង្រឹង និងជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ៕