តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារនាពេលថ្មីៗនេះនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដោយលើក៉ើងថា ការបន្តនៃអំពើភេរវកម្ម នៅក្នុងប្រទេសនឹងនាំឱ្យមានអស្ថិរភាពរបស់ខ្លួន ដែលមិននៅក្នុងផលប្រយោជន៍ក្នុងតំបន់នោះទេ។
លោក Nasser Kanaani បានធ្វើការកត់សម្គាល់ បន្ទាប់ពីការវាយប្រហារពីរបានកើតឡើងនៅទីក្រុងកាប៊ុល កាលពីថ្ងៃសុក្រ។ មួយជាការវាយប្រហារដោយកាំភ្លើងលើស្ថានទូតប៉ាគីស្ថាននៅក្រុងកាប៊ុល និងមួយទៀតជាការបំផ្ទុះអត្តឃាតនៅជិតការិយាល័យក្រុងកាប៊ុលនៃគណបក្ស Hezb-e-Islami។
ការវាយប្រហារទាំងពីរបានកើតឡើងត្រឹមតែពីរថ្ងៃបន្ទាប់ពីការបំផ្ទុះដ៏សាហាវមួយបានកក្រើកសាលារៀនសាសនាមួយក្នុងខេត្ត Samangan ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥នាក់។
លោក Kanaani ក៏បានលើកឡើងពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់រួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មប្រកបដោយប្រសិទ្ធភាព នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅអាហ្វហ្គានីស្ថាន លោក Obaid ur Rehman Nizamani បានរួចជីវិតពីការវាយប្រហារលើបរិវេណស្ថានទូតកាលពីថ្ងៃសុក្រ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
យោងតាមមន្ត្រីក្នុងតំបន់បានឱ្យដឹងថា ការវាយប្រហារនៅការិយាល័យរបស់គណបក្ស Hezb-e-Islami ធ្វើឡើងដោយជនមិនស្គាល់អត្តសញ្ញាណបីនាក់ ដែលបានបំផ្ទុះគ្រាប់បែកក្នុងរថយន្ត ហើយព្យាយាមចូលទៅក្នុងការិយាល័យ៕
ប្រែសម្រួល ឈូក បូរ៉ា