ព័ត៌មានជាតិ

ហុងគ្រី នឹងបញ្ជូនអ្នកជំនាញ មកជួយដោះស្រាយបញ្ហា ទឹកស្អាត សំរាម និងសំណល់រឹង -រាវ នៅកម្ពុជា

ភ្នំពេញ ៖ ស្របពេល សំរាម នៅកម្ពុជា កេីនឡេីងឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃលោក យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីហុងគ្រី បាន អះអាង ថានឹងបញ្ជូនអ្នកជំនាញការមកជួយកម្ពុជា ក្នុងការសិក្សាលើបញ្ហា ទឹកស្អាត ,សំរាម ព្រមទាំងសំណល់រឹង រាវ និងបញ្ហាផ្សេងៗទៀត។ នេះ បើ យោងតាម គេហទំព័រ ហ្វេសប៊ុក របស់ សម្ដេច តេជោ ហ៊ុន សែន ។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា នៅរសៀល ថ្ងៃ ទី ២៨ ខែតុលា ឆ្នាំ ២០១៩ លោក យ៉ាណូស អាឌ័រ មានប្រសាសន៍ថា “ហុងគ្រី នឹងបញ្ជូនអ្នកជំនាញការរបស់ហុងគ្រី ដើម្បីមកជួយកម្ពុជាក្នុងការសិក្សាលើបញ្ហាទឹកស្អាត លើបញ្ហាសំរាម ទាំងសំរាមសំណល់រឹង និងសំណល់រាវ និងបញ្ហាផ្សេងៗទៀតពាក់ព័ន្ធនឹងការអភិវឌ្ឍទីក្រុង”។

លោកបន្ដថា បន្ទាប់ពីការសិក្សាហើយក្រុមអ្នកជំនាញរបស់ហុងគ្រី នឹងផ្ដល់ជូននូវបច្ចេកវិទ្យាណែនាំជូននូវបច្ចេកវិទ្យា និងដំណោះស្រាយដើម្បីដោះស្រាយបញ្ហាទឹកស្អាត បញ្ហាសំណល់រឹង សំណល់រាវនៅកម្ពុជា។ លើសពីនេះទៅទៀត ដើម្បីជំរុញការអភិវឌ្ឍន៍កម្ពុជារយៈពេលវែងទាំងសង្គម ទាំងធនធានមនុស្ស ទាំងសុខភាពផងនោះ ។
ជាការឆ្លេីយតប សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យភាគីហុងគ្រី បញ្ជូនអ្នកជំនាញដើម្បីមកធ្វើការសិក្សា ផ្តល់យោបល់ និងចូលរួមសហការជាមួយកម្ពុជាយើងលើទាំងបញ្ហាទឹកស្អាត បញ្ហាសំណល់រឹង និងសំណល់រាវ។

សម្ដេចតេជោ បន្ថែមថា កម្ពុជា ត្រូវផ្តល់អទិភាពលើកិច្ចសហប្រតិបត្តិការនេះ ទៅលើបញ្ហាសំណល់រឹង និងសំណល់រាវ នៅក្នុងទីក្រុងភ្នំពេញ និងទីក្រុងផ្សេងៗទៀតទៅតាមដងសមុទ្រ និងតាមដងទន្លេមេគង្គ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តល់ការងារនេះជូនដល់ក្រសួងបរិស្ថានដើម្បីបន្តការពិភាក្សាជាមួយនឹងភាគីហុងគ្រី ដើម្បីស្នើឲ្យភាគីហុងគ្រីបញ្ជូនអ្នកជំនាញការមកកម្ពុជាក្នុងសិក្សា និងពិភាក្សារួមគ្នាជាមួយក្រសួងបរិស្ថានក្នុងពេលដ៏ឆាប់ៗខាងមុខនេះ៕
ដោយ អេង ប៊ូឆេង

To Top