ព័ត៌មានជាតិ

ADB អនុម័តកញ្ចប់ថវិកាជាង ៦០លានដុល្លារ ដើម្បីជួយកម្ពុជា លើកកម្ពស់សន្តិសុខស្បៀង

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៦២.៩លានដុល្លារ ដើម្បីជួយកម្ពុជាលើកកម្ពស់សន្តិសុខស្បៀង និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ដោយការកែលម្អសុខភាព និងខ្សែសង្វាក់តម្លៃ ក៏ដូចជាការធ្វើពាណិជ្ជកម្មផ្លូវការ និងផលិតផល បសុសត្វ។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ ADB នាថ្ងៃទី១៣ ធ្នូ។

អ្នកជំនាញជាន់ខ្ពស់ផ្នែកបំរែបំរួល អាកាសធាតុរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Srinivasan Ancha បានថ្លែងថា «អនុវិស័យបសុសត្វមានសារៈសំខាន់ណាស់ ចំពោះជីវភាពរស់នៅតាមតំបន់ជនបទ ប្រកបដោយនិរន្តរភាព និងសន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជា ហើយវាផ្តល់ឱកាសជាច្រើន សម្រាប់កសិករលក្ខណៈគ្រួសារ រួមទាំងស្ត្រី និងកសិអាជីវកម្មខ្នាតតូច និងមធ្យម»។

លោក បន្ដថា សត្វពាហនៈ និងក្របី ស្ទើរតែទាំងអស់គឺជាកម្មសិទ្ធិ របស់កសិករលក្ខណៈគ្រួសារ ទោះបីជាផលិតកម្មជ្រូក និងបសុបក្សីកំពុងមានលក្ខណៈជាពាណិជ្ជកម្ម កាន់តែខ្លាំងឡើងក៏ដោយ។ ជំនួយរបស់ ADB នឹងអនុញ្ញាតឱ្យអនុវិស័យនេះ អាចទាញយកសក្តានុពលនៃកំណើនខ្ពស់ នាំមកដោយការកើនឡើងនៃ ការប្រើប្រាស់សាច់ក្នុងស្រុកដែល កើតឡើងដោយសារកំណើនសេដ្ឋកិច្ច នគរូបនីយកម្ម ចំនួនប្រជាជនកើនឡើង ឱកាសពាណិជ្ជកម្ម និងការធ្វើឱ្យប្រសើរជាលំដាប់ ក្នុងការគ្រប់គ្រងជំងឺ និងអាហារូបត្ថម្ភសម្រាប់សត្វ។

គម្រោងកែលម្អសុខភាព និងខ្សែសង្វាក់តម្លៃបសុសត្វឆ្លងព្រំដែន ក្នុងមហាអនុតំបន់មេគង្គ (GMS) នឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ ដល់គ្រួសារយ៉ាងហោចណាស់ ៤0.000 ក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម ឧត្តរមានជ័យ ព្រៃវែង សៀមរាប និងតាកែវ តាមរយៈការជំរុញការ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាពស្ថាប័ននិងបច្ចេកទេស និងគោលនយោបាយគាំទ្រសំខាន់ៗ។ វាក៏នឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខេត្តកណ្តាល កំពង់ធំ និងពោធិសាត់ ដើម្បីបំពេញតម្រូវការទូទាំងប្រទេស សម្រាប់វ៉ាក់សាំងបសុសត្វ និងការបង្កាត់ពូជសិប្បនិម្មិត។

គម្រោងនេះ នឹងលើកកម្ពស់ផលិតភាព និងភាពធន់នៃអនុវិស័យបសុសត្វ ដោយកាត់បន្ថយហានិភ័យ នៃជំងឺសត្វឆ្លងដែន ជំងឺឆ្លងពីសត្វ និងភាពសាំនឹងថ្នាំសំលាប់មេរោគ បង្កើតការត្រួតពិនិត្យសុខភាពសត្វ និងការផ្តល់សេវា ធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពម្ហូបអាហារ និងជំរុញកិច្ចសហប្រតិបត្តិការ អនុតំបន់ក្នុងមហាអនុតំបន់មេគង្គ។

សូមបញ្ជាក់ថា ជំនួយរបស់ ADB នឹងលើកកម្ពស់ផលិតកម្មបសុសត្វ បត់បែនតាមអាកាសធាតុ ដែលជាវិធីសាស្រ្តធ្វើអន្តរកម្ម និងតម្រង់ទិសប្រព័ន្ធបសុសត្វ ឆ្លើយតបនឹងបំរែបំរួលអាកាសធាតុ ព្រមទាំងកាត់បន្ថយការ បំភាយឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើន ក្នុងមួយតោននៃសាច់ដែលផលិត ធ្វើអោយប្រសើរឡើងនូវនិរន្តរភាព តាមខ្សែសង្វាក់តម្លៃបសុសត្វ និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង ស្តាឡើងវិញពីកូវីដ១៩ ៕

To Top