សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ថា លោក Esteban Valenzuela រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឲ្យដឹងកាលពីថ្ងៃចន្ទថា ភ្លើងឆេះព្រៃរហូតដល់ ១.៥៨៧កន្លែង បានលេបត្របាក់ផ្ទៃដីជាង ១៣.០០០ហិកតា នៅក្នុងប្រទេសឈីលី ក្នុងរដូវនិទាឃរដូវឈានចូលរដូវក្តៅនេះ ។
ខណៈដែលភ្លើងមានតិចជាង ៩ភាគរយ នៃរដូវកាលមុន ភ្លើងកាន់តែបង្កឲ្យមានគ្រោះថ្នាក់ ដែលនាំឱ្យ “ខូចខាតជាង៤០ភាគរយ” រដ្ឋមន្ត្រីបានប្រាប់ដល់សន្និសីទសារព័ត៌មានមួយ ។
លោកបានលើកថា ដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ រដ្ឋាភិបាលបានវិនិយោគ ៨២ពាន់លានប៉េសូ ប្រហែល៩៤,៥លានដុល្លារអាមេរិក ដើម្បីបង្កើតកងអនុសេនាធំ ការពារព្រៃឈើចំនួន ២៤៣នៅទូទាំងប្រទេស ។
លោកបានបន្ថែមថា ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យភ្លើងឆេះព្រៃ កាន់តែអាក្រក់នៅក្នុងប្រទេសឈីលី ដូចដែលវាបានកើតឡើង នៅក្នុងប្រទេសអេស្ប៉ាញ បារាំង និងសហរដ្ឋអាមេរិក ជាពិសេសរដ្ឋឆ្នេរសមុទ្រភាគខាងលិច នៃរដ្ឋកាលីហ្វ័រញ៉ា ។
លោក Valenzuela បានឲ្យដឹងថា បច្ចុប្បន្ននេះ អាជ្ញាធរកំពុងប្រយុទ្ធ ប្រឆាំងនឹងភ្លើងឆេះព្រៃចំនួន ១១កន្លែងនៅទូទាំងប្រទេស ដែលចំនួន៨បានទទួលការជូនដំណឹង ពណ៌ក្រហមពីការិយាល័យសង្គ្រោះជាតិ ព្រោះភ្លើងកំពុងរីករាលដាលយ៉ាងឆាប់រហ័ស និងគំរាមកំហែងដល់ផ្ទះ និងសហគមន៍នៅក្បែរនោះ ។
លោក Pablo Lobos ប្រធានផ្នែកការពារភ្លើងឆេះព្រៃ នៅសាជីវកម្មព្រៃឈើជាតិ (Conaf) បានឲ្យដឹងថា យន្តហោះដែលបំពាក់ដោយកាមេរ៉ាកម្ដៅ ដែលអាចរកឃើញទីតាំងនៃ ចំណុចក្តៅកំពុងជួយតាមដានការឆាបឆេះ និងបញ្ជូនសមាជិកកងពលតូចទៅកាន់ទីនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា