សន្និសីទលើកទី១៥ របស់ភាគីអនុសញ្ញាអង្គការ សហប្រជាជាតិ ស្ដីពីជីវៈចម្រុះ (COP15) ដែលប្រទេសចិន គឺជាប្រធាននៃសន្និសីទនេះ បានប្រារពធ្វើឡើង នៅក្នុងទីក្រុងម៉ុងត្រេអាល់ ប្រទេសកាណាដា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួម ពីប្រទេសចំនួន១៩៦ ដែលបានផ្ដល់សច្ចាប័ន លើអនុសញ្ញានេះ។
អនុសញ្ញាស្ដីពីជីវៈចម្រុះនេះ ត្រូវបានអនុម័តកាលពីឆ្នាំ១៩៩២ ដោយមានគោលដៅពង្រឹង លើកកម្ពស់ការអភិវឌ្ឍដោយចីរភាព នៅទូទាំងសកលលោក តាមរយៈការអភិរក្សការពារជីវៈចម្រុះ។
ប្រសិនបើយើងក្រឡេកមើល ទៅអតីតកាល ប្រទេសចិន បានចាប់ផ្ដើមចូលរួមដំបូងក្នុងកិច្ចដំណើរការ អភិរក្សបរិស្ថានរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ១៩៧២ ហើយចាប់តាំងពីពេលនោះរហូតមក ប្រទេសចិនបានផ្លាស់ប្ដូរបន្តិចម្ដងៗ ពីការបំពេញតួនាទីត្រឹមតែជាអ្នកចូលរួម ក្នុងកិច្ចដំណើរការអភិរក្ស ទៅជាអ្នកដឹកនាំមុខ ក្នុងការពង្រឹងលើកកម្ពស់កិច្ចដំណើរការ អភិរក្សដែលមិនអាចខ្វះបាននេះ។ មេដឹកនាំចិនគ្រប់ជំនាន់ បានយកចិត្តទុកដាក់ខ្ពស់ ចំពោះការអភិរក្សធម្មជាតិ ហើយពាក្យ “អរិយធម៌អេកូឡូស៊ី” ត្រូវបានបង្កើតឡើង និងដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញ របស់ប្រទេសចិន ដើម្បីធ្វើជាត្រីវិស័យតម្រង់ទិស គោលនយោបាយនានា ដោយមានគោលដៅកសាងភាពសុខដុម រវាងមនុស្សនិងធម្មជាតិ។
ការយកចិត្តទុកដាក់ ចំពោះការអភិរក្សជីវៈចម្រុះរបស់ចិន មិនមែនបង្ហាញត្រឹមពាក្យសម្ដីនោះទេ តែត្រូវបានបង្ហាញយ៉ាងច្បាស់ តាមរយៈសកម្មភាពជាក់ស្ដែង និងកិច្ចខិតខំប្រឹងប្រែង ពុះពារឧបសគ្គដើម្បីអភិរក្ស ។ ការអភិរក្សជីវៈចម្រុះ ត្រូវបានអនុម័ត ជាយុទ្ធសាស្រ្តថ្នាក់ជាតិ និងត្រូវដាក់បញ្ចូលទៅក្នុងផែនការ រយៈពេលមធ្យមនិងរយៈពេលវែង របស់តំបន់ទាំងអស់ និងនៅក្នុងគ្រប់វិស័យ នៅក្នុងប្រទេសចិន ។ ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ រដ្ឋាភិបាលចិន បានដាក់ចេញ និងកែលម្អច្បាប់និងបទប្បញ្ញត្តិ និងយន្តការនានាពាក់ព័ន្ធនឹងជីវៈចម្រុះ ដើម្បីពង្រឹងលើកកម្ពស់ប្រសិទ្ធភាព នៃការអភិរក្សជីវៈចម្រុះ។
ប្រទេសចិន គឺជាប្រទេសដែលមានផ្ទៃដីដ៏ធំមហិមា ដែលមានជីវៈចម្រុះជាច្រើន ប្រភេទ។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រទេសចិនសម្រេចបាន នូវជោគជ័យយ៉ាងធំធេង ក្នុងការអភិរក្សជីវៈចម្រុះរបស់ខ្លួន ដែលជាការរួមចំណែកដ៏ធំធេង ដល់ការអភិរក្សជីវៈចម្រុះនៅលើពិភពលោក។ ចាប់តាំងពីឆ្នាំ១៩៥៦រហូតមក ប្រទេសចិនបានបង្កើត តំបន់ការពារចំនួនជាង ១០.០០០តំបន់ ដែលគ្របដណ្ដប់លើផ្ទៃដី ប្រហែល១៨% នៃផ្ទៃដីសរុបរបស់ប្រទេសចិន។
នៅឆ្នាំ២០២១កន្លងទៅ ប្រធានាធិបតី ស៊ី ជិនពីង បានប្រកាសជាផ្លូវការបង្កើត ប្រព័ន្ធឧទ្យានជាតិចំនួន ៥ ដែលគ្រប់ដណ្ដប់លើផ្ទៃដី ទំហំប្រហែល ២២៧.០០០ គីឡូម៉ែត្រការ៉េ ដែលនេះគឺជាប្រព័ន្ធឧទ្យានជាតិ ធំជាងគេបំផុតនៅលើពិភពលោក ។ មិនដូចប្រទេសផ្សេង ដែលមានភាពងាយស្រួល ក្នុងការកសាងឧទ្យានជាតិ ដោយសារតែជាទូទៅតំបន់ទាំងនោះ គឺជាតំបន់ដែលគ្មានមនុស្សរស់នៅ តែផ្ទុយទៅវិញ នៅក្នុងប្រទេសចិន តំបន់អភិរក្សធម្មជាតិជាច្រើន គឺជាតំបន់ដែលមានប្រជាជនរស់នៅ ដោយសារតែប្រទេសចិន មានប្រជាជនដ៏ច្រើនលើសលុប។ ក៏ប៉ុន្តែរដ្ឋាភិបាលចិន មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយ បញ្ហាប្រឈមទាំងនេះ និងបង្កើតឧទ្យានជាតិទាំងនោះ ដោយជោគជ័យ។
ប្រទេសចិន គឺជាប្រទេសដែលមាន តំបន់គម្របព្រៃឈើ រីកធំឆាប់រហ័សជាងគេបំផុតនៅលើពិភពលោក។ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ប្រទេសចិនបានដាំដើមឈើឡើងវិញ លើផ្ទៃដីទំហំប្រហែល ៣៣៤លាន ហិកតា ដែលគម្របព្រៃឈើនេះ មានទំហំធំជាងប្រព័ន្ធព្រៃឈើ របស់អាមេរិកចំនួនបួនដង។ ជាងនេះទៅទៀត ប្រទេសចិន គឺជាប្រទេសដំបូងគេ ដែលបានដាក់ចេញ នូវយុទ្ធសាស្រ្តខ្សែបន្ទាត់ក្រហម ដើម្បីអភិរក្សធម្មជាតិ និងការពាររុក្ខជាតិ និងសត្វដែលជិតផុតពូជ។ គោលនយោបាយខ្សែបន្ទាត់ក្រហម ត្រូវបានរដ្ឋាភិបាលចិន ចាត់ទុកថាជាអាទិភាពខ្ពស់បំផុតរបស់ជាតិ និងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ដោយរដ្ឋាភិបាលថ្នាក់តំបន់និងមូលដ្ឋាន។
ដោយផ្ដោតការយកចិត្តទុកដាក់ ចំពោះការអភិរក្សទាំងនៅក្នុងជម្រកធម្មជាតិ និងនៅក្រៅជម្រកធម្មជាតិ ប្រទេសចិនបានបង្កើតសួនសត្វ ជាង ២៤០ និងមជ្ឈមណ្ឌលបង្កាត់ពូជសត្វ ប្រហែល២៥០។ គម្រោងលែងសត្វព្រៃ ចូលទៅក្នុងជម្រកធម្មជាតិវិញ ជាច្រើន ត្រូវបានអនុវត្តដោយជោគជ័យ ដូចជាគម្រោងលែងសត្វខ្លាឃ្មុំភែនដា ក្ដាន់ទីបេ ត្រយ៉ងកំប៉ោយ ជាដើម។ ដោយយកចិត្តទុកដាក់ ចំពោះជីវៈចម្រុះទឹកសាបនិងសមុទ្រ ប្រទេសចិនក៏បានដាក់ចេញ នូវបម្រាមនេសាទត្រីរយៈពេល១០ឆ្នាំ នៅក្នុងដែនទឹកសំខាន់ៗ នៃទន្លេយ៉ាងសេ និងហាមឃាត់ការនេសាទនា រដូវក្ដៅនៅក្នុងសមុទ្រ ផងដែរ។
តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ សត្វព្រៃកម្រសំខាន់ៗដូចជាខ្លាឃ្មុំភែនដា ខ្លារខិនព្រិល ក្ដាន់ទីបេ ត្រយ៉ងកំប៉ោយ ជាដើម បានចាកចេញផុតពីមាត់ជ្រោះ នៃការស្លាប់ផុតពូជ នឹងត្រូវបានផ្លាស់ប្ដូរពីប្រភេទសត្វ ដែលជិតផុតពូជ ទៅជាប្រភេទសត្វ ដែលងាយរងគ្រោះវិញ។បន្ថែមទៅលើការ ខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការអភិរក្សជីវៈចម្រុះនៅក្នុងប្រទេស រដ្ឋាភិបាលចិន បានគាំទ្រនិងចូលរួមយ៉ាងសកម្ម ក្នុងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីអភិរក្សជីវៈចម្រុះសកលលោក។ បញ្ហាប្រឈមចម្បង ចំពោះការអភិរក្សជីវៈចម្រុះសកលលោក គឺកង្វះថវិកាដើម្បីជួយគាំទ្រ ប្រទេសកំពុងអភិវឌ្ឍក្នុងការអនុវត្ត គម្រោងអភិរក្សជីវៈចម្រុះរបស់ពួកគេ។ អ្នកជំនាញបរិស្ថាន បានអំពាវនាវឲ្យប្រទេស ដែលមានធនធាន ផ្ដល់ប្រាក់៦០ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការអនុវត្តគម្រោងអភិរក្ស និងទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់។ ប្រទេសចិន បានធ្វើជាគំរូនាំមុខគេ ក្នុងកិច្ចការនេះ ដោយនៅឆ្នាំ២០២១កន្លងទៅ ប្រទេសចិនបានដាក់ចេញ នូវមូលនិធិជីវៈចម្រុះគួនមីង និងបានផ្ដល់ប្រាក់ ២៣០លានដុល្លារ ដល់មូលនិធិនេះ ដើម្បីជួយគាំទ្រដល់កិច្ចខិតខំអភិរក្សជីវៈចម្រុះ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ចាប់តាំងពីឆ្នាំ២០១៩ រហូតមក ប្រទេសចិន បានក្លាយជាអ្នកផ្ដល់មូលនិធិច្រើនជាងគេបំផុត ដល់ថវិកាស្នូលរបស់អនុសញ្ញាអង្គការ សហប្រជាជាតិស្ដីពីជីវៈចម្រុះនិងពិធីសារ ពាក់ព័ន្ធរបស់អនុសញ្ញានេះ។
ជាងនេះទៅទៀត ប្រទេសចិនបានសន្យានិងបានប្រែក្លាយ គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវរបស់ខ្លួន ឲ្យមានលក្ខណៈ ”បៃតង”។ នៅឆ្នាំ២០២១កន្លងទៅ លោកប្រធានាធិបតី ស៊ី ជិនពីង បានប្រកាសជាផ្លូវការ ហាមឃាត់ការផ្ដល់មូលនិធិ ដល់គម្រោងកសាងរោងចក្រថាមពល អគ្គិសនីដើរដោយធ្យូងថ្ម នៅបរទេសនៅក្រោមក្របខណ្ឌ នៃគំនិតផ្ដួចផ្ដើមនេះ។
និយាយដោយសង្ខេប រហូតមកដល់ពេលនេះ ប្រទេសចិនបានបង្ហាញ ប្រាប់ពិភពលោកយ៉ាងច្បាស់ថា ខ្លួនគឺជាប្រទេសមហាអំណាចបរិស្ថានមួយ ដែលមានការទទួលខុសត្រូវខ្ពស់ និងជាសរសរទ្រូង ទ្រទ្រង់ការអភិរក្សជីវៈចម្រុះសកលលោក ៕
អត្ថបទដោយលោកសាស្រ្តាចារ្យបណ្ឌិត នាក់ ចិន្ដារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជា សម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ