ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតី រុស្ស៊ី នាំសារផ្ទាល់ខ្លួន ពីប្រធានាធិបតី Putin ទៅជួនប្រធានាធិបតីចិន

បរទេស៖ លោក Dmitry Medvedev អតីតប្រធានាធិបតីរុស្ស៊ី និងជាអនុប្រធានបច្ចុប្បន្ន នៃក្រុមប្រឹក្សាសន្តិសុខ បានជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃពុធ ក្នុងអំឡុងទស្សនកិច្ច នៅទីក្រុងប៉េកាំង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ការិយាល័យរបស់លោក Medvedev បាននិយាយថា ក្នុងអំឡុងពេលជួបជាមួយលោក Xi លោក Medvedev បានផ្ញើសារផ្ទាល់ខ្លួនមួយ ពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នេះបើយោងតាមប្រព័ន្ធ ផ្សព្វផ្សាយរុស្ស៊ី។

បើតាមសារព័ត៌មានចិន ស៊ិនហួ Xinhua បានផ្សាយថា គឺមានសារស្វាគមន៍យ៉ាងរួសរាយរាក់ទាក់ និងជូនពរដល់លោក Xi ដែលបានស្នើឱ្យភ្ញៀវរបស់លោកបង្ហាញ ការឆ្លើយតប របស់លោកដោយសប្បុរស ចំពោះមេដឹកនាំរុស្ស៊ី។

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ អំពីលក្ខណៈនៃកិច្ចប្រជុំនេះ លោក Medvedev បាននិយាយថា លោក និងម្ចាស់ផ្ទះចិនបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្ទៃក្នុងភាគី ក្នុងចំណោមរឿងផ្សេងទៀត។ លោក Xi ត្រូវ​បាន​ជាប់​ឆ្នោត​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​ចិន​សាជាថ្មី​ក្នុង​ខែ​តុលា។ លោក Medvedev ដឹកនាំគណបក្ស United Russia ដែលកាន់អំណាច។

លោក Medvedev បានបន្ថែមថា មន្ត្រីទាំងពីរ ក៏បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី រវាងចិន និងរុស្ស៊ី ព្រមទាំងកិច្ចការអន្តរជាតិ រួមទាំងវិបត្តិនៅអ៊ុយក្រែនផងដែរ។ លោកបាន​ហៅ​ការ​ពិភាក្សាគ្នានេះ​ថា​ «​មាន​ប្រយោជន៍​ខ្លាំង​ណាស់​»៕

ប្រែសម្រួលៈ ណៃ តុលា

To Top