ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវយក គំរូតាមលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដើម្បីដោះស្រាយបញ្ហាជម្លោះដីធ្លី និងបញ្ហានានាជូនប្រជាពលរដ្ឋក្រៅ ប្រព័ន្ធតុលាការ ពិសេស ត្រូវដោះស្រាយជូនប្រជាពលរដ្ឋដោយមិនលំអៀង ទៅខាងភាគីណាមួយឡើយ។
នាឱកាសអញ្ជើញបើកការដ្ឋានគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បន្ដដោះស្រាយបញ្ហាដីធ្លី និងបញ្ហានានាបន្ថែមទៀត ដើម្បីធ្វើយ៉ាងឱ្យខេត្តកំពតមានសុវត្ថិភាពបំផុត និងជាខេត្តគ្មានជម្លោះដីធ្លី ក្នុងប្រព័ន្ធតុលាការ។
សម្ដេចតេជោ បញ្ជាក់ថា «បើសិន អភិបាលខេត្ត គ្រប់ខេត្តធ្វើត្រឹមតែ បានត្រឹម ម៉ៅ ធនិន ខ្ញុំ គិតថា អាជម្លោះដីធ្លី នេះវានឹង ស្ងប់ឯង ព្រោះវា អត់មានអីច្រើនទេ កន្លែងខ្លះ ម៉ែ និងកូន កន្លែងខ្លះ បងប្អូនឯងសោះ ទាល់គ្នាឡើងតុលាការ ហើយឡើងតុលាការហើយ កុំបន្ទោសតុលាការ តុលាការត្រឹមតែកាត់ មិនអាចកាត់ស្នើគ្នាទេ គឺកាត់ម្នាក់ចាញ់ ម្នាក់ឈ្នះ ចឹង ខ្ញុំស្នើលើកទឹកចិត្តដោះជម្លោះក្រៅប្រព័ន្ធតុលាការ»។
សម្ដេចតេជោ បានណែនាំអភិបាលខេត្តកំពត ដាក់កម្មវិធីដោះស្រាយជូនពលរដ្ឋ ២ ឬ៣ ថ្ងៃម្ដង ក្នុងមួយសប្ដាហ៍ហើយទៅចុះជួបប្រជាពលរដ្ឋដោយផ្ទាល់ផងដែរ។
លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងបន្ថែមថា នៅកម្ពុជាមានប្រជាជនជាង ១៧លាននាក់ តើជម្លោះដីធ្លីមានប៉ុន្មាន? គឺមានតិចតួចបំផុតដូច្នេះ គ្រប់ខេត្តទាំងអស់ ត្រូវធ្វើរឿងខាងលើដោយមិន លំអៀងទៅខាងណាឡើយ ដោយមានការសម្រុះសម្រួលគ្នាផងដែរ។
សូមរំលឹកថា លោក ម៉ៅ ធនិន អភិបាលខេត្តកំពត តែងតែបានជួបជាមួយប្រជាពលរដ្ឋក្នុងខេត្ត ដើម្បីស្វែងយល់ និងចូលរួមដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលជាតម្រូវការចាំបាច់តាមការស្នើសុំរបស់ប្រជាពលរដ្ឋ នៅក្នុងវេទិកានានា។លោក ម៉ៅ ធនិន ត្រូវបានប្រជាពលរដ្ឋ ប្រៀបប្រដូច ដូចលោកប៉ាវចិន ដោយមានទេពកោសល្យខ្ពស់ និងវោហារសព្ទពេញខ្លួន ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការ៕
													
																							