ម៉ូស្កូ៖ មន្ត្រីក្រសួងការបរទេសរុស្ស៊ី ជាន់ខ្ពស់មួយរូប ត្រូវបានដកស្រង់សម្តីដោយ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS ថា “ផ្លូវប្រឆាំងរុស្ស៊ី” របស់ប្រទេសជប៉ុន ធ្វើឱ្យកិច្ចចរចាសន្ធិសញ្ញាសន្តិភាព “មិនអាចទៅរួច” ។
រុស្ស៊ី និងជប៉ុន មិនទាន់បញ្ចប់អរិភាព ក្នុងសង្គ្រាមលោកលើកទី២ ជាផ្លូវការនោះទេ ដោយសារការប្រឈមមុខដាក់គ្នាលើកោះ ដែលត្រូវបានរឹបអូសដោយសហភាពសូវៀត នៅចុងបញ្ចប់នៃសង្រ្គាម ស្ថិតនៅក្បែរកោះហុកកៃដូ ភាគខាងជើងបំផុតរបស់ប្រទេសជប៉ុន។ កោះនេះត្រូវបានគេស្គាល់ នៅក្នុងប្រទេសរុស្ស៊ីថាជាកោះ Kuril និងនៅប្រទេសជប៉ុនជាដែនដីភាគខាងជើង។
អនុរដ្ឋមន្ត្រីការបរទេស Andrei Rudenko បានប្រាប់ TASS ឲ្យដឹងថា “វាច្បាស់ណាស់ថា វាមិនអាចទៅរួចនោះទេក្នុង ការពិភាក្សាអំពីការចុះហត្ថលេខា លើឯកសារបែបនេះ (សន្ធិសញ្ញាសន្តិភាព) ជាមួយរដ្ឋដែលប្រកាន់ជំហរ មិនរួសរាយរាក់ទាក់ និងអនុញ្ញាតឱ្យខ្លួនមានការគំរាមកំហែង ដោយផ្ទាល់ប្រឆាំងនឹងប្រទេសរបស់យើង” ។
ប្រទេសជប៉ុន បានដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយ លើរុស្ស៊ីជុំវិញការឈ្លានពានអ៊ុយក្រែនរបស់ខ្លួន ហើយបានផ្លាស់ប្តូរការពឹងផ្អែករបស់ខ្លួន លើការនាំចេញប្រេង និងធ្យូងថ្មរបស់រុស្ស៊ីក្នុង រយៈពេលប៉ុន្មានខែថ្មីៗនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា