ភ្នំពេញ៖ លោក អូលីវីយេ បេស (Olivier Becht) រដ្ឋមន្ត្រីប្រតិភូអម រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង បានថ្លែងប្រាប់សម្ដេចតេជោ ហ៊ុន សែន ថា បារាំងត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយ និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា លើវិស័យសំខាន់ជាច្រើន ពិសេសផ្លូវរថភ្លើងល្បឿនលឿន ។
ការបញ្ជាក់របស់លោក អូលីវីយេ បេស បែបនេះធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៥ មករានេះ នៅវិមានសន្តិភាព ។
ក្នុងជំនួបនោះលោក អូលីវីយេ បានគោរពថ្លែងអំណរគុណ សម្ដេចតេជោ ចំពោះការកសាង ស្ដូបរំលឹកដល់វីរៈជនកម្ពុជាបារាំង ដែលបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី១ដោយ លោកមានប្រសាសន៍ថា នេះជានិមិត្តរូប នៃ មិត្តភាពនិងសាមគ្គីភាពរវាងកម្ពុជា និងបារាំង ។
លោក អូលីវីយេ គោរពជម្រាបសម្ដេចតេជោទៀតថា មិត្តភាពរវាងប្រទេសយើងទាំងពីរ គឺចាប់ផ្ដើមចេញពីវប្បធម៌ ហើយតាមរយៈវប្បធម៌នេះ បានធ្វើការពង្រីកទៅកាន់វិស័យដទៃទៀត ដូចជា៖ វិស័យអប់រំ, វិស័យវិនិយោគ, វិស័យបរិស្ថាន, វិស័យហេដ្ឋារចនាសម្ព័ន្ធ, រទេះភ្លើងល្បឿនលឿន, វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងវិស័យកសិកម្ម ។ល។ លោកបញ្ជាក់ថា «បារាំងត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយ និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា លើវិស័យខាងលើ» ។
ជាការឆ្លើយតប សម្ដេចតេជោ បានសំដែងនូវការរីករាយ ជាមួយនឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសបន្ទាប់ពីជំនួប រវាងសម្ដេចតេជោផ្ទាល់ ជាមួយប្រធានាធិបតី ម៉ាក្រុង កាលពីខែធ្នូកន្លងទៅ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រូបសំណាកដែលកំពុងត្រៀមការសាងសង់ គឺបានសាងសង់ឡើងពីឆ្នាំ១៩២៥ តែត្រូវបំផ្លាញចោលនាសម័យប៉ុលពត ហើយរូបសំណាកនេះ គឺជានិមិត្តរូប នៃមិត្តភាព និងសមិទ្ធផល នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនបារាំងដែលកន្លងមក តែងតែជួយដល់កម្ពុជា ៕