បរទេស ៖ អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប លោកស្រី Ana Pisonero បាននិយាយកាលពីថ្ងៃអង្គារថា សហភាពអឺរ៉ុប ស្វាគមន៍ការស៊ើបអង្កេតប្រឆាំង អំពើពុករលួយដែលកំពុងដំណើរការ នៅក្នុងប្រទេសអ៊ុយក្រែន ប្រឆាំងនឹងមន្ត្រីមួយចំនួន ប៉ុន្តែរំពឹងថា នឹងមានការរីកចម្រើន គួរឱ្យកត់សម្គាល់បន្ថែមទៀត ពីទីក្រុងគៀវលើបញ្ហានេះ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅព្រឹកថ្ងៃដដែល ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានផ្សាយថា មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន ជាច្រើននាក់ត្រូវបានបណ្តេញចេញ ចំពេលមានការចោទប្រកាន់ពីបទពុករលួយ ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបណ្តេញលោក Kyrylo Tymoshenko ចេញពីតំណែងជាអនុប្រធានការិយាល័យប្រធានាធិបតី និងលោក Oleksiy Symonenko ចេញពីតំណែង ជាអគ្គរដ្ឋអាជ្ញារង ។
លោកស្រី Pisonero បានប្រាប់សន្និសីទសារព័ត៌មានថា “យើងកត់សំគាល់របាយការណ៍ ដែលការិយាល័យប្រឆាំង អំពើពុករលួយជាតិអ៊ុយក្រែន កំពុងស៊ើបអង្កេតករណីទាំងនេះ ។ ជាវិធានទូទៅ អ្នកដឹងយ៉ាងច្បាស់ថា យើងមិនធ្វើអត្ថាធិប្បាយ លើការស៊ើបអង្កេតឧក្រិដ្ឋកម្ម ដែលកំពុងបន្ត ប៉ុន្តែយើងស្វាគមន៍ចំពោះការពិត ការពិតដែលថា អាជ្ញាធរអ៊ុយក្រែន កំពុងយកចិត្តទុក ដាក់លើបញ្ហាទាំងនេះ» ។
លោកស្រីបានបន្ថែមថា អ៊ុយក្រែនត្រូវបាន “រំពឹងថានឹងពង្រឹងបន្ថែមទៀតនូវការប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ ជាពិសេសក្នុងកម្រិតខ្ពស់” ដែលជាផ្នែក នៃដំណើរការសមាជិកភាព សហភាពអឺរ៉ុប ។ នៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៣ សហភាពអឺរ៉ុប នឹងវាយតម្លៃវឌ្ឍនភាព របស់អ៊ុយក្រែន ជាបញ្ហាអាទិភាព ៕
ប្រែសម្រួលៈ ណៃ តុលា