ព័ត៌មានអន្តរជាតិ

អាមេរិក នឹងបង្កើនការផលិតអាវុធ សម្រាប់ប្រទេសអ៊ុយក្រែន

បរទេស៖ ក្រសួងការពារជាតិអាមេរិក ត្រូវបានគេរាយការណ៍ថា គ្រោងនឹងបង្កើន “កិច្ចខិតខំប្រឹងប្រែងទំនើបកម្មដ៏ខ្លាំងក្លាបំផុត” របស់ខ្លួនក្នុងរយៈពេលជិត ៤០ឆ្នាំ។ នេះបើយោងតាមរបាយការណ៍ របស់កងទ័ពដែលមើលឃើញ ដោយកាសែត New York Times ខណៈដែលមន្ទីរបញ្ចកោណ មានគោលបំណងជំរុញ ការផលិតអាវុធសម្រាប់ប្រទេសអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ជាក់ស្តែងកិច្ចខិតខំប្រឹងប្រែងនេះ នឹងរួមបញ្ចូលការពង្រីករោងចក្រ និងការចូលរួមរបស់អ្នកផលិតថ្មី ដើម្បីសម្រេចបាន នូវការជំរុញឱ្យបាន ៥០០ភាគរយ ក្នុងការផលិតគ្រាប់កាំភ្លើងធំ ក្នុងរយៈពេលពីរឆ្នាំ។ វាត្រូវបានកត់សម្គាល់ថា ការផ្លាស់ប្តូរបែបនេះនឹងជំរុញការផលិតគ្រាប់រំសេវធម្មតា ដល់កម្រិតដែលមិនបានឃើញចាប់តាំងពីសង្គ្រាមកូរ៉េ នៅដើមទសវត្សរ៍ឆ្នាំ ១៩៥០ ។

យោងតាមសារព័ត៌មាន NYT បានឱ្យដឹងថា មុនពេលរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធា ដែលកំពុងបន្តរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន នៅចុងខែកុម្ភៈឆ្នាំមុន កងទ័ពអាមេរិក ផលិតគ្រាប់កាំភ្លើងធំប្រហែល ១៤ ៤០០ដើមក្នុងមួយខែ។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងការទាមទារអាវុធ និងគ្រាប់រំសេវបន្ថែមទៀត ពីទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត មន្ទីរបញ្ចកោណបានបង្កើនគោលដៅ ផលិតបីដងកាលពីខែកញ្ញាឆ្នាំមុន ហើយបន្ទាប់មកបានកើនឡើងទ្វេដង នៅក្នុងខែមករា ហើយឥឡូវនេះកំពុងផលិតបានរហូតដល់ ៩០ ០០០ដើមក្នុងមួយខែ៕ ប្រែសម្រួលៈ ណៃ តុលា

To Top