ភ្នំពេញ៖ លោក អូលីវេ្យ បិច រដ្ឋមន្ត្រីប្រតិភូអម រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង បានថ្លែងបញ្ជាក់ប្រាប់ក្រុមហ៊ុន វិនិយោគរបស់ខ្លួន ឲ្យឈប់ស្ទាក់ស្ទើរ ក្នុងការមកវិនិយោគ នៅប្រទេសកម្ពុជា ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ទូតបារាំងប្រចាំកម្ពុជា នាថ្ងៃទី២៧ មករានេះ លោក អូលីវេ្យ បិច បានលើកឡើងពីការបញ្ចប់ដំណើរទស្សនកិច្ច របស់លោកនៅប្រទេសកម្ពុជា ដែលជាដំណើរទស្សនកិច្ច រដ្ឋមន្ត្រីលើកដំបូង ចាប់តាំងពីឆ្នាំ២០១៥ ។
លោកបញ្ជាក់ថា គោលដៅសំខាន់ នៃដំណើរទស្សនកិច្ចនេះគឺដើម្បី ៖ ១.គូសបញ្ជាក់សារជាថ្មី អំពីការប្តេជ្ញាចិត្ត របស់បារំាង នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសចំពោះអាស៊ាន ដែលជាតំបន់មួយក្នុងចំណោម តំបន់ ដែលមានកំណើនខ្ពស់ជាងគេបំផុត លើពិភពលោក ។ ២.ពង្រឹងទំនាក់ទំនង សេដ្ឋកិច្ចបារាំង-កម្ពុជា ក្នុងវិស័យសំខាន់ៗ ដូចជាថាមពល និងដឹកជញ្ជូន។
លោករដ្ឋមន្ត្រីប្រតិភូបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមនិយាយទៅកាន់ក្រុមហ៊ុនបារាំងថា សូមឈប់ស្ទាក់ស្ទើរ ក្នុងការមកវិនិយោគនៅប្រទេសកម្ពុជា!» ។
លោកបន្ថែមថា ជាការពិតណាស់ ក្រុមហ៊ុនបារាំងធំៗ ដើរតួនាទីសំខាន់ៗ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា តួយ៉ាងដូចជាក្រុមហ៊ុនតូតាល់ មានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ១៩៩៣ ដែលផ្គត់ផ្គង់១/៤ នៃប្រេងឥន្ធនៈនៅកម្ពុជា និងក្រុមហ៊ុនវ៉ាំងស៊ី ដែលខ្ញុំបានទៅធ្វើទស្សនកិច្ចការដ្ឋាន ចម្រោះទឹកស្អាតដ៏ធំនៅបាក់ខែង រាជធានីភ្នំពេញ ។
ជាមួយគណៈប្រតិភូនៃក្រុមហ៊ុនចំនួន១១ របស់បារាំងដឹកនាំដោយសហព័ន្ធធុរ កិច្ចអន្តរជាតិបារាំង MEDEF និង Business France លោក អូលីវេ្យ បិច អាចមើលឃើញនូវភាពសម្បូរបែប នៃចក្ខុវិស័យពាណិជ្ជកម្ម សម្រាប់ក្រុមហ៊ុនបារាំងនៅកម្ពុជា។
លោកលើកឡើងថា យើងអាច និងត្រូវពង្រឹងវត្តមាន របស់យើងបន្ថែមទៀត ។ សម្រាប់ប្រទេសកម្ពុជាអ្វីៗ ដែលផ្តល់ដោយក្រុមហ៊ុនបារាំង មានតម្លៃបន្ថែមសំខាន់ ជាពិសេសទាក់ទងនឹងការអភិវឌ្ឍ ប្រកបដោយចីរភាព ក្នុងវិស័យថាមពល និងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។ នោះគឺជាអ្វីដែលលោកបានការពារ និងលើកឡើងក្នុងអំឡុងជំនួបនានា ជាមួយសមាជិករដ្ឋាភិបាលកម្ពុជា និងជាមួយសហគមន៍ធុរកិច្ចបារាំង។
ម៉្យាងវិញទៀត យើងមានប្រវត្តិសាស្រ្តរួមគ្នា និងមិត្តភាពដ៏សម្បូរបែបជាមួយប្រទេសកម្ពុជា។
លោក អូលីវេ្យ បិច បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរបស់ យើងមិនត្រឹមតែផ្តោតលើ វិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ពោលគឺផ្តោតផងដែរ លើផ្នែកវិទ្យាសាស្រ្ត ជាមួយសាលាបារាំងចុងបូព៌ា វិស័យអប់រំ ជាមួយសាលាបារាំងដេកាត ដែលមានសិស្សសិក្សាជាង ១២០០នាក់ និងផ្នែកវប្បធម៌ជាមួយ នឹងការរីកធំធាត់នៃហ្វ្រង់កូហ្វូនី ៕