ភ្នំពេញ៖ កម្ពុជា-កូរ៉េ នឹងពិនិត្យលទ្ធភាព ក្នុងការចុះហត្ថលេខាលើ អនុស្សារណៈ នៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចការគយ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីចូលរួមចំណែកជំរុញ សកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ។
ការឯកភាពគ្នានេះធ្វើឡើង នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ក្នុងជំនួបរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងងលោក YOON Taesik អតីតអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអជ្ញាធរគយ នៃប្រទេសកូរ៉េ ។ ជំនួបនេះធ្វើឡើងក្នុងពេល លោករដ្ឋមន្ត្រីពាណិជ្ជកម្ម កម្ពុជា ផ្តល់កិត្តិយសចូលរួម កម្មវិធីអាហារការងារ ក្នុងទិវាគយអន្តរជាតិលើកទី៤១ ដែលរៀបចំដោយអាជ្ញាធរគយកូរ៉េ ។
ក្នុងជំនួបនោះលោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធរវាងអាជ្ញាធរគយកម្ពុជា និងអាជ្ញាធរកូរ៉េ ដែលបានជួយសម្រួល ដល់សកម្មភាពនាំចេញ-នាំចូល រវាងប្រទេសទាំងពីរ ។
បន្ថែមពីនេះលោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលទើបនឹងចូលជាធរមានកាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ដែលនឹងចូលរួមចំណែកសំខាន់ ក្នុងការជំរុញការធ្វើពាណិជ្ជកម្ម វិនិយោគ និងសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទំាងពីរផងដែរ។
ទន្ទឹមនេះ លោក ប៉ាន សូរស័ក្ដិ បានជំរុញឱ្យអាជ្ញាធរគយកូរ៉េ ពិនិត្យលទ្ធភាពចុះហត្ថលេខាលើ អនុស្សារណៈនៃការយោគយល់គ្នា ជាមួយអគ្គនាយកដ្ឋាន គយ និងរដ្ឋាករកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ សំដៅលើកកម្ពស់ កិច្ចសហប្រតិបតិ្តការ និងផ្តល់កិច្ចសម្របសម្រួលបន្ថែមទៀត ក្រោយពីការពន្យារពេលមួយរយៈដោយសារវិបត្តិជម្ងឺកូវីដ-១៩ ។ លោករដ្ឋមន្រ្តី ក៏បានស្នើអាជ្ញាធរគយកូរ៉េ បន្តជួយគាំទ្រកម្ពុជាតាមរយៈ កម្មវិធីបណ្តុះបណ្តាល និងកសាងសមត្ថភាពសម្រាប់មន្ត្រីកម្ពុជា ផងដែរ។
ជាការឆ្លើយតប លោក YOON Taesik ប្រធានអាជ្ញាធរគយកូរ៉េ បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលា ពីកម្មវិធីការងារដ៏មមាញឹកចូលរួមក្នុងកម្មវិធីនេះ និងបានអនុញ្ញាតជូនលោក បានចូលជួបពិភាក្សាការងារ។
ជាមួយគ្នានេះ លោកប្រធានអាជ្ញាធរគយកូរ៉េ បានស្វាគមន៍និងគាំទ្រនូវការបង្កើន កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងអាជ្ញាធរគយនៃប្រទេសទាំងពីរ ហើយលោកបានបញ្ជាក់ថា នឹងពិនិត្យលទ្ធភាពក្នុងការ ចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចការគយរវាងប្រទេសទាំងពីរ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីចូលរួមចំណែកជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
លើសពីនេះទៀត លោកប្រធានអាជ្ញាធរគយកូរ៉េ ក៏បានគាំទ្រលើសំណើរបស់ លោករដ្ឋមន្ត្រី ហើយនឹងបន្តការចែករំលែកចំណេះដឹង បទពិសោធន៍ និងការកសាងសមត្ថភាព ជូនមន្ត្រីពាក់ព័ន្ធរបស់កម្ពុជាផងដែរ៕