ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្ដលើកលែងការ បង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ សម្រាប់រយៈពេល ៣ខែ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ រាជរដ្ឋាភិបាល នាថ្ងៃទី៣០ មករា បានឱ្យដឹងថា ក្នុងបរិការណ៍នេះ ដោយពិនិត្យលើស្ថានភាពសង្គម-សេដ្ឋកិច្ច និងពាណិជ្ជកម្មទាំងក្នុងក្របខណ្ឌ សកលលោក តំបន់ និងក្នុងប្រទេស រាជរដ្ឋាភិបាល សម្រេចដាក់ចេញនូវវិធានការបន្ថែមសម្រាប់បន្ត គ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញ នៃវិស័យទេសចរណ៍ ក្នុងកាលៈទេសៈប្រកបដោយភាពមិន ប្រាកដប្រជានេះ។
រាជរដ្ឋាភិបាល បញ្ជាក់ថា «ក្នុងន័យនេះ ក្រោមកិច្ចសហការយ៉ាងទូលំទូលាយ ជាមួយវិស័យឯកជន និងក្រសួង ស្ថាប័ន ពាក់ព័ន្ធ រាជរដ្ឋាភិបាល សម្រេចដាក់ចេញនូវវិធានការ បន្ថែមជូនវិស័យទេសចរណ៍ បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់, និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅខេត្តសៀមរាប សម្រាប់រយៈពេល ៣ខែ គឺពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣។ អាជីវកម្មទាំងអស់នេះ នៅតែមានកាតព្វកិច្ចដាក់ លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់ការគ្រប់គ្រងអាករលើតម្លៃ បន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនេះ»។
រាជរដ្ឋាភិបាល ក៏បន្តផ្តល់ការសម្របសម្រួល តាមរយៈការបង្កកតួលេខបំណុល ត្រឹមចុងឆ្នាំ២០១៩ និងមិនគិត ការពិន័យសម្រាប់ឆ្នាំ២០២៣ សម្រាប់វិស័យទេសចរណ៍។ ជាពិសេស បន្តជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញ ជូនដល់បុគ្គលិករបស់ខ្លួន ដោយខ្លួនឯង និងមានលទ្ធភាពស្នើសុំការគាំទ្រហិរញ្ញប្បទាន ពីសំណាក់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តតាមដានយ៉ាងខ្ជាប់ខ្ជួន នូវស្ថានភាពនៃវិបត្តិនៃជំងឺកូវីដ-១៩ ជាពិសេសការ ប្រែប្រួលនិន្នាការតំបន់ និងសកលលើសង្គម-សេដ្ឋកិច្ច និងត្រៀមដាក់ចេញនូវ វិធានការបន្ថែមទៀត សំដៅ ស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ប្រកបដោយភាពធន់ចីរភាព និងបរិយាបន្ន ក្រោមក្របខណ្ឌ យុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាព ថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ ៕