គៀវ ៖ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប ដែលកំពុងបំពេញទស្សនកិច្ច នៅអ៊ុយក្រែន បានឲ្យដឹងថា សហភាពអឺរ៉ុប នឹងដាក់ទណ្ឌកម្មថ្មី លើប្រទេសរុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈ ដែលជាខួបលើកទីមួយ នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ។
លោកស្រី von der Leyen ត្រូវបានដកស្រង់សម្តី ដោយទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine ថា “ដោយខួប នៃការចាប់ផ្តើម នៃការវាយលុកទ្រង់ទ្រាយ ពេញលេញ យើងមានបំណងចង់ ឱ្យមានកញ្ចប់ទណ្ឌកម្មទី១០” ។
ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានរួមជាមួយប្រធានាធិបតី អ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី លោកស្រី von der Leyen បានឲ្យដឹងថា កញ្ចប់ទណ្ឌកម្មថ្មី ដែលកំពុងត្រូវបានរៀបចំរួមគ្នា ជាមួយបណ្តាប្រទេស នៃក្រុមសេដ្ឋកិច្ចទាំងប្រាំពីរ (G7) ត្រូវបានកំណត់ ដើម្បីរួមបញ្ចូលតម្លៃ បន្ថែមលើប្រេងរបស់រុស្ស៊ី ។
គួរបញ្ជាក់ថា លើសពីនេះសហភាពអឺរ៉ុប កំពុងសម្រេចចិត្តលើមធ្យោបាយ ប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី សម្រាប់ការស្តារ អ៊ុយក្រែនឡើងវិញ៕
ប្រែសម្រួល ឈូក បូរ៉ា