ព័ត៌មានអន្តរជាតិ

អាមេរិក បន្ដប្រមូលយកកំទេចកំទី បាឡុង របស់ចិន ដើម្បីពិនិត្យមើលសមត្ថភាព ឃ្លាំមើល របស់យាន្ដនេះ

វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា យោធាសហរដ្ឋអាមេរិក បានប្រមូលកំទេចកំទី មួយចំនួន ពីបាឡុងរបស់ចិន ដែលត្រូវបានបាញ់ទម្លាក់ កាលពីចុងសប្តាហ៍នៅរដ្ឋ South Carolina ហើយនឹងព្យាយាមយកមកវិញ នូវបំណែកជាច្រើន តាមដែលអាចធ្វើបាន ដើម្បីពិនិត្យមើលសមត្ថភាព ឃ្លាំមើលរបស់យាននេះ។

អ្នកនាំពាក្យសន្តិសុខជាតិ របស់សេតវិមានលោក John Kirby បានប្រាប់អ្នកសារព័ត៌មាន តាមប្រព័ន្ធអ៊ីនធឺណិតថា សហរដ្ឋអាមេរិក មិនមានគម្រោងប្រគល់ កម្ទេចកម្ទី ទៅឱ្យប្រទេសចិនវិញនោះទេ ដែលបានអះអាងថា វាជាបាឡុងស្រាវជ្រាវអាកាសធាតុ ដែលបានបំផ្ទុះ និងចូលទៅក្នុងដែនអាកាស សហរដ្ឋអាមេរិក ដោយចៃដន្យ ដោយរិះគន់ការឆ្លើយតបរបស់ទីក្រុងវ៉ាស៊ីនតោនថាជា ” ជាក់ស្តែង ប្រតិកម្មហួសហេតុ។

លោក Kirby បានរំលឹកឡើងវិញថា ទីក្រុងវ៉ាស៊ីនតោន ជឿជាក់ថា បាឡុងនេះ “កំពុងធ្វើការឃ្លាំមើល ទីតាំងយោធា ដ៏រសើបនៅក្នុងសហរដ្ឋអាមេរិក” ដោយបន្ថែមថា វត្ថុនោះ បំពាក់ដោយម៉ាស៊ីនរុញ មានសមត្ថភាពក្នុងការ “ធ្វើចលនាដោយខ្លួនឯង បង្កើនល្បឿន បន្ថយល្បឿន និងបង្វិល”។

ដោយហៅសកម្មភាពរបស់ចិនថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើដែនអាកាសអធិបតេយ្យ របស់សហរដ្ឋអាមេរិក លោកបានលើកឡើងថា ការទម្លាក់នេះគឺស្ថិតនៅក្នុងសិទ្ធិរបស់ប្រទេស និងស្របតាមច្បាប់អន្តរជាតិ។

លោកបានបន្ថែមថា ឧប្បត្តិហេតុនេះបានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី ហើយ “ឥឡូវនេះវាមិនមែនជាពេលវេលាសមរម្យ សម្រាប់ពួកយើងក្នុងការពិភាក្សាទល់មុខគ្នាជាមួយពួកគេលើបញ្ហាការទូតធំជាងនេះទេ” ទោះបីជាការទទួលស្គាល់ របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ថាទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយទីក្រុងប៉េកាំង គឺសំខាន់ណាស់នៅតែរក្សាដដែល៕

ប្រែសម្រួល ឈូក បូរ៉ា

To Top