តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានអំពាវនាវឱ្យប្រទេសផ្សេងៗគ្នាដាក់សម្ពាធលើសហរដ្ឋអាមេរិកឱ្យដកទណ្ឌកម្មលើប្រទេសស៊ីរី និងការឡោមព័ទ្ធប្រទេសនេះ ដើម្បីបើកលទ្ធភាពក្នុងការផ្តល់ជំនួយអន្តរជាតិដល់តំបន់ស៊ីរី ដែលរងគ្រោះដោយរញ្ជួយដីធ្ងន់ធ្ងរ។
លោក Nasser Kanaani បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការកាលពីថ្ងៃចន្ទ ដែលផ្នែកខ្លះត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារម្សិលមិញនេះ។
ដោយសម្តែងការអាណិតអាសូរ ចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី និងស៊ីរី លោក Kanaani បានកត់សម្គាល់ថា អាជ្ញាធរអ៊ីរ៉ង់ ដែលពាក់ព័ន្ធបានសម្តែងការត្រៀមខ្លួនសម្រាប់ការបញ្ជូនជំនួយសង្គ្រោះ និងជំនួយផ្នែកវេជ្ជសាស្រ្តទៅកាន់ប្រទេសទាំងពីរ។
អ្នកនាំពាក្យរូបនេះបានបន្ដថា អស់រយៈពេលជាង ៩ឆ្នាំកន្លងមកនេះ ប្រទេសស៊ីរី បាននឹងកំពុងប្រឈមមុខនឹងជម្លោះ និងស្ថិតក្រោមកាលៈទេសៈពិសេសនាពេលបច្ចុប្បន្ននេះ ដោយបានជំរុញឱ្យប្រទេសដទៃទៀតបង្ខំសហរដ្ឋអាមេរិកឱ្យដកការឡោមព័ទ្ធរបស់រដ្ឋអារ៉ាប់ ដូច្នេះជំនួយមនុស្សធម៌អន្តរជាតិអាចត្រូវបានផ្តល់ដល់ប្រជាជនដែលរងគ្រោះដោយរញ្ជួយដី ដោយគ្មានឧបសគ្គ និងក្នុងរយៈពេលដ៏ខ្លីបំផុត។
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសស៊ីរី ដែលធ្វើឱ្យវាជាកិច្ចការដ៏ធ្ងន់ធ្ងរមួយក្នុងការបញ្ជូនទំនិញសំខាន់ៗ និងជំនួយមនុស្សធម៌អន្តរជាតិទៅកាន់ប្រទេសនេះ។
មនុស្សប្រហែល ៥០០០ នាក់ត្រូវបានសម្លាប់ និងរាប់ម៉ឺននាក់បានរងរបួស គិតត្រឹមថ្ងៃត្រង់ថ្ងៃអង្គារម្សិលមិញនេះ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងបានវាយប្រហារផ្នែកខ្លះនៃទីក្រុងតួកគី និងប្រទេសជិតខាងស៊ីរី កាលពីព្រឹកថ្ងៃចន្ទថ្មីៗនេះ៕