ព័ត៌មានជាតិ

លោក ប្រាជ្ញា ចន្ទ ៖ ឯករាជ្យរបស់ គ.ជ.ប ត្រូវផ្អែកលើច្បាប់ និងអនុវត្តន៍ឱ្យបានត្រឹមត្រូវ

ភ្នំពេញ ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ឯករាជ្យរបស់ គ.ជ.ប ត្រូវផ្អែកលើច្បាប់ និងអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ដូចនេះមន្រ្តីបោះឆ្នោត ត្រូវពង្រឹងការអនុវត្តច្បាប់បោះឆ្នោត និងបទបញ្ជា ឱ្យមានប្រសិទ្ធភាព។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ស្ដីពីលទ្ធផល នៃកិច្ចប្រជុំរបស់ គ.ជ.ប នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ប្រាជ្ញ ចន្ទ បានឱ្យដឹងថា គ.ជ.ប ក៏ត្រូវអនុវត្តក្នុងការផ្ដល់សេវាជូនគ្រប់ភាគីពាក់ព័ន្ធឱ្យបានល្អ និងស្មើភាពគ្នាផងដែរ។

លោក ប្រាជ្ញា ចន្ទ ប្រធាន គ.ជ.ប មានប្រសាសន៍ថា «ឯករាជ្យរបស់ គ.ជ.ប ត្រូវផ្អែកលើច្បាប់ អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ដូចនេះមន្តី្របោះឆ្នោត គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវខិតខំពង្រឹងការអនុវត្តច្បាប់បោះឆ្នោត និងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតឱ្យមានប្រសិទ្ធភាព»។

ឆ្លៀតឱកាសនោះដែរ អង្គប្រជុំ គ.ជ.ប បានសម្រេចកែសម្រួលខ្លឹមសារមួយចំនួន និងបានឯកភាពជាគោលការណ៍ លើឯកសារទាំងនោះ រួមមាន៖ ឯកសារសម្រាប់ការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ចំនួន ៨១៤ រូប ឱ្យបម្រើការងារនៅតាមលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) ទាំង ២៥ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧, ឯកសារពាក់ព័ន្ធនឹងការ ដាក់ពាក្យសុំចុះឈ្មោះ ជាអ្នកសារព័ត៌មាន, ខិត្តបណ្ណសេចក្ដីណែនាំ ស្ដីពីការបោះឆ្នោតបាន ឬការបោះឆ្នោតពុំបាន សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣, សេចក្ដីសម្រេច ស្ដីពីការផ្ដល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ដែលមានឈ្មោះអ្នកបោះឆ្នោតសរុបចំនួន ៩.៧១០.៦៥៥នាក់ ស្មើនឹង ៨៩,២៨% ធៀបនឹងចំនួនប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង៕

To Top