ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ដោយ គ្រោះរញ្ជួយដីនៅក្នុងទឹកដីស៊ីរី កើនឡើងជិត៤.០០០នាក់

ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដីដ៏ធំកាលពីថ្ងៃចន្ទបានសម្លាប់មនុស្សអស់៣.៤៨០នាក់ និងចំនួន៣.០០០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងប្រទេសស៊ីរី ។ នេះបើតាមអ្នកឃ្លាំមើលសិទ្ធិមនុស្សប្រចាំនៅស៊ីរី បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃពុធ ។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានឲ្យដឹងថា អ្នកស្លាប់រួមមាន១.៥៧០នាក់នៅក្នុងទីក្រុងដែលគ្រប់គ្រងដោយរដ្ឋាភិបាល និង ចំនួន១.៩១០នាក់នៅក្នុងតំបន់កាន់កាប់ដោយក្រុមឧទ្ទាម ។

ទន្ទឹមនឹងនេះដែរ ក្រសួងសុខាភិបាលស៊ីរី បានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់១.២៦០នាក់ និងរបួស២.២៨៥នាក់ ។

ក្រសួងអប់រំស៊ីរី បានឲ្យដឹងដែរថា សាលារៀនចំនួន២៤៨ខ្នងត្រូវបានបំផ្លាញដោយផ្នែក ឬទាំងស្រុងដោយការរញ្ជួយដីដ៏ខ្លាំងដែលបានអង្រួនតំបន់ដ៏ធំនៃប្រទេសតួកគី និងភាគខាងជើងប្រទេសស៊ីរី កាលពីថ្ងៃចន្ទ ។

បេសកកម្មជួយសង្គ្រោះនៅតែបន្តធ្វើនៅក្នុងខេត្តរបស់ស៊ីរី រួមមាន Aleppo, Latakia និង Tartous ។ នេះបើតាមរដ្ឋាភិបាលស៊ីរី បានបញ្ជាក់ដូច្នេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top