បរទេស៖ អគ្គលេខាធិការ អង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃពុធ ក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្ត្រីការ បរទេសអាមេរិក លោក Antony Blinken ក្នុងទីក្រុងវ៉ាស៊ីនតោនថា ប្លុកយោធាដែលដឹកនាំ ដោយសហរដ្ឋអាមេរិក បានបញ្ជូនឱ្យរដ្ឋាភិបាលទីក្រុងគៀវជាង ១០០ពាន់លានដុល្លារ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Stoltenberg បានប្រាប់អ្នកយកព័ត៌មាន នៅក្រសួងការបរទេសអាមេរិកថា ចាប់តាំងពីខែកុម្ភៈឆ្នាំមុនមក អង្គការណាតូបានផ្តល់ “ជំនួយដែលមិនធ្លាប់មានពីមុនមកដល់អ៊ុយក្រែន ប្រហែល ១២០ ពាន់លានដុល្លារជាជំនួយផ្នែកយោធា មនុស្សធម៌ និងហិរញ្ញវត្ថុ”
លោកបានបន្ថែមថា ខណៈដែលសហរដ្ឋអាមេរិកបានដើរតួជា “តួនាទីមិនអាចខ្វះបាន”, ប្រទេសកាណាដា និងសមាជិកអឺរ៉ុបបានចូលរួមចំណែក “ជាងពាក់កណ្តាល” នៃជំនួយសរុប “រួមទាំងរថក្រោះ ប្រព័ន្ធការពារដែនអាកាសទំនើបៗ” និងសព្វាវុធផ្សេងៗទៀត។
យោងតាម លោក Blinken ដែលជារដ្ឋមន្រ្តីការបរទេសអាមេរិក គឺ សហរដ្ឋអាមេរិកបានរួមចំណែក “ជិត ៣០ ពាន់លានដុល្លារ” នៃជំនួយយោធា ខណៈដែលសមាជិកណាតូផ្សេងទៀតបានផ្តល់ ១៣ ពាន់លានដុល្លារក៏ដូចជា “រាប់សិបពាន់លានបន្ថែមទៀតនៅក្នុងជំនួយមនុស្សធម៌និងសេដ្ឋកិច្ច” ៕
ប្រែសម្រួលៈ ណៃ តុលា