ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ធានាផ្ដល់ការគាំទ្រ អ៊ុយក្រែន និងត្រៀមកញ្ចប់ទណ្ឌកម្មជុំទី១០ លើប្រទេសរុស្ស៊ី

ព្រុចសែល៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានធានាឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី នៃសហភាពអឺរ៉ុប បន្តគាំទ្រ ហើយលោកស្រី បានឲ្យដឹងថា ការត្រៀមរៀបចំកំពុងដំណើរការ សម្រាប់ការដាក់ទណ្ឌកម្មជុំទី១០ ប្រឆាំងនឹងរុស្ស៊ី។

លោកស្រី បានឲ្យថាអ៊ុយក្រែន និង សហភាពអឺរ៉ុប គឺជា “គ្រួសារតែមួយ” ហើយថា ប្រទេសនេះ អាចពឹងផ្អែក លើការបន្តគាំទ្ររបស់អឺរ៉ុប ក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន អាល់ហ្សាហ្ស៊ីរ៉ា។

“អ្នកអាចពឹងផ្អែកលើពួកយើង។ យើងនឹងបន្តផ្តល់ការគាំទ្រ ពេញលេញរបស់យើង” នាងបានប្រាប់ Zelensky ក្នុងអំឡុងសន្និសីទ សារព័ត៌មានបន្ទាប់ពីគាត់បានថ្លែង ទៅកាន់កិច្ចប្រជុំ មេដឹកនាំសហភាពអឺរ៉ុប។

រដ្ឋធានីបែលហ្ស៊ិក គឺជាកន្លែងឈប់ទី៣ សម្រាប់ដំណើរទេសចរណ៍ វិលជុំរបស់លោក ហ្សេឡិនស្គី នៅអឺរ៉ុប។ លោក​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ឡុងដ៍​កាលពី​ថ្ងៃ​ពុធ ​ដើម្បី​ថ្លែង​ទៅកាន់​សភា ​និង​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak។ លោកក៏បានជួបស្តេច Charles III នៅវិមាន Buckingham ផងដែរ ។

បន្ទាប់មកលោកបានឆ្លងទៅទីក្រុងប៉ារីស សម្រាប់កិច្ចប្រជុំជាមួយប្រធានាធិបតីបារាំង លោក អាម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ក្នុងអំឡុងពេលអាហារពេលល្ងាច ៣ភាគីដែលធ្វើឡើងនៅវិមាន ប្រធានាធិបតីបារាំង Elysee ។

បន្ទាប់មកលោក ហ្សេឡិនស្គី បានធ្វើដំណើរជាមួយលោក ម៉ាក្រុង ទៅកាន់ទីក្រុងព្រុចសែល កាលពីថ្ងៃព្រហស្បតិ៍ ជាកន្លែងដែលលោកបានថ្លែង សុន្ទរកថាទៅកាន់សមាជិក សភាអឺរ៉ុប ហើយក្រោយមកបាននិយាយទៅកាន់មេដឹកនាំទាំង ២៧ នៃកិច្ចប្រជុំកំពូល ពិសេសរបស់រដ្ឋជា សមាជិកសហភាពអឺរ៉ុប។

គួរបញ្ជាក់ថា វាគឺជាដំណើរទស្សនកិច្ចផ្លូវការ លើកដំបូងរបស់លោក ហ្សេឡិនស្គី ទៅកាន់សភាអឺរ៉ុប បន្ទាប់ពីបានថ្លែងទៅកាន់សមាជិក របស់ខ្លួនពីចម្ងាយក្នុងអំឡុង ពេលសម័យប្រជុំវិសាមញ្ញមួយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២៕

ប្រែសម្រួល ឈូក បូរ៉ា

To Top