អត្ថបទ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដាលីន ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក ឆ្លុះបញ្ចាំងពីសមិទ្ធផល​ក្នុងឆ្នាំ ២០២២ និង​ការ​ត្រៀមខ្លួនសម្រាប់ឆ្នាំ ២០២៣ ក៏​ដូច​ជា​ឆ្នាំ​បន្ត​បន្ទាប់​ទៀត

ក្រុម​ហ៊ុន​ ដាលីន ប្រផឹធី ឌីវេឡុបម៉ិន ឯ.កគឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យថ្មីមួយ ដែលត្រូវបានបង្កើតឡើងនៅដើមឆ្នាំ ២០២១ ពោល​គឺក្នុងអំឡុងពេលផ្ទុះរីករាលដាលខ្លាំង​នៃជំងឺកូវីដ-១៩។ ទោះបីជាមានការរំខានពីជំងឺរាតត្បាតកូវីដ-១៩ក៏ដោយ​ ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ ក្រុមហ៊ុនបានចាប់ផ្តើមគម្រោងដំបូងរបស់ខ្លួនដែល​មាន​ឈ្មោះ​ថា​បុរី ដឹ រ៉េស៊ីដិន និងបានត្រៀមរួចជាស្រេច សម្រាប់ការបើកសម្ពោធនៅក្នុងខែឧសភា ឆ្នាំ២០២៣ នេះ​ ។ លោកស្រី លី ដាលីន ដែល​ជា​សហគ្រិនឆ្នើមមួយ​រូប​ គឺ​ជាស្ថាបនិក និងអគ្គនាយិកា​នៃក្រុមហ៊ុននេះ​ ហើយ​លោក​ស្រី​បានចែករំលែកអំពីដំណើរការរបស់ក្រុមហ៊ុន ដោយ​ឆ្លង​កាត់​ស្ថាន​ភាពលំបាក​ជាសកល និងការត្រៀមខ្លួនរួចរាល់ក្នុងការ បោះជំហានទៅមុខនៅឆ្នាំ ២០២៣ និងឆ្នាំខាងមុខទៀត។

១.តើលោកស្រីអាចណែនាំខ្លួនបន្ថែមបានទេ ហើយហេតុអ្វីបានជា​លោកស្រីសម្រេចចិត្តចូល ក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនេះ?

ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​កម្ពុជាមួយរូប នាងខ្ញុំ​បាន​សង្កេតឃើញ​ពីភាព​រីក​ចម្រើន លើគ្រប់វិស័យទាំងអស់ក្នុងប្រទេសកម្ពុជា ដែលស្ថិតក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​ចក្ខុវិស័យ​ច្បាស់​លាស់ ​​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។ ដូច្នេះនាងខ្ញុំតែងតែចង់ធ្វើអ្វីមួយ តាម​សមត្ថ​ភាព​ និង​លទ្ធ​ភាព​ដែល​នាង​ខ្ញុំ​អាច​ធ្វើ​បាន​ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ និងនាំមកនូវផលវិជ្ជមានដល់សហគមន៍ និងមនុស្សជុំវិញខ្លួន។

នៅក្នុងឆ្នាំ ២០១៤ នាង​ខ្ញុំ​បាននាំយកហាងនំ BreadTalk មកប្រទេសកម្ពុជា ហើយជាច្រើនឆ្នាំមកនេះ ក្រុមការងាររបស់នាង​ខ្ញុំ​ក៏បាននាំមកនូវគុណតម្លៃជា​ច្រើន​ ជូនដល់ប្រជាជនតាមរយៈផលិតផល ដែលមានគុណភាពខ្ពស់ ឱកាសការងារ និងសកម្ម​ភាព​សប្បុរសធម៌ជាច្រើនទៀតសម្រាប់សហគមន៍។ បន្ថែមពីនេះ នាងខ្ញុំ​ក៏​មាន​តួ​នា​ទី​​ជាគណៈ​គ្រប់​គ្រង​​ នៅក្នុង​អាជីវកម្មមួយ​ចំនួន​ទៀត ​ក្នុង​វិស័យ​ផ្សេងៗគ្នា ​ដូចជា​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច អគារ​ស្នាក់នៅ​ និង​ពាណិជ្ជកម្ម​ និង​អចលនទ្រព្យជា​ដើម​។

ដោយ ការជឿទុកចិត្ត និងការគាំទ្រពីក្រុមការងារ ដៃគូអាជីវកម្ម និងអតិថិជន រួមជាមួយនឹងបទពិសោធដែលនាងខ្ញុំទទួលបានពី អាជីវកម្មផ្សេងៗ​គ្នា​ជា​ច្រើន​ នាង​ខ្ញុំ​បានសម្រេចចិត្តបើកក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ ដាលីន ប្រផឹធី ឌីវេឡុបម៉ិន ឯ.កនៅក្នុងឆ្នាំ ២០២១ ក្រោមការប្ដេជ្ញាចិត្តរួមចំណែក ជួយអភិវឌ្ឍន៍​ប្រទេសកម្ពុជា និងបង្កើតឱកាស ក៏​ដូច​ជា​គុណ​តម្លៃ​បន្ថែម​សម្រាប់ប្រជាជន និងសហគមន៍។

២.តើលោកស្រីអាចប្រាប់ បន្ថែមអំពីក្រុមហ៊ុន ដាលីន ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក​ និងគម្រោងបុរី ដឹ រ៉េស៊ីដិន ដែលជាគម្រោងដំបូងរបស់លោកស្រីបានទេ?

ក្រុមហ៊ុន ដាលីន ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក ជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យ ​អចលនទ្រព្យដែលផ្តោត ទៅលើការ​សាង​សង់​លំនៅដ្ឋាន និងអគារ​ពាណិជ្ជកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុងទីតាំងសំខាន់ៗដែលមានសក្តានុពល សេដ្ឋកិច្ច។ នាង​ខ្ញុំ​​ និង​ក្រុមការ​ងារ​មានចក្ខុវិស័យច្បាស់លាស់ក្នុងការបង្កើត នូវសហគមន៍លំនៅដ្ឋាន និងតំបន់​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម ដែលរួមបញ្ជូលនូវគុណ​ភាព​ ប្រណីតភាព ផាសុកភាព និងគុណ​តម្លៃ​ប្រចាំ​ថ្ងៃ​ជា​ច្រើន​ទៀត​សម្រាប់អតិថិជន។ យើងខ្ញុំ​នឹងខិតខំផ្ដល់ជូននូវ លំនៅដ្ឋានដែលមានគុណភាព ដោយរួមបញ្ចូលនូវប្រណីតភាព សុវត្ថិភាព និងឯកជនភាព ដែលសមស្របទៅនឹងតម្រូវការរបស់អតិថិជន ដែលកំពុងស្វែងរកការរស់នៅតាមបែបជឿនលឿន ក៏ដូចជានៅជិតតំបន់ដែលព័ទ្ធ ទៅដោយបរិយាកាសពាណិជ្ជកម្ម សម្រាប់ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់​​។

គម្រោងបុរី ដឹ រ៉េស៊ីដិនគឺជាការវិនិយោគដំបូងរបស់យើង ទៅលើសហគមន៍លំនៅដ្ឋាន នៅតាមបណ្តោយផ្លូវទំនប់ ៧មករា (ផ្លូវ ៥០ ម៉ែត្រ) ដែលជាតំបន់រីកចម្រើនលឿនបំផុតមួយក្នុងទីក្រុង និងកំពុងទាក់ទាញអាជីវកម្មក្នុង​ស្រុក​​ និង​ក្រៅ​ស្រុក​ចម្រុះគ្នា​ជាច្រើន។ តំបន់នេះកំពុងវិវត្តទៅជាទីតាំងសំខាន់ សម្រាប់កំណើនសេដ្ឋកិច្ច និងរួមចំណែកយ៉ាងសំខាន់ចំពោះការអភិវឌ្ឍទីក្រុង។ សាលារៀនអន្តរជាតិ មន្ទីរពេទ្យ សហគ្រាសធុនមធ្យម និងធុនធំ បានមានវត្តមានក្នុងតំបន់នេះរួចជាស្រេច រួមទាំងព្រលានយន្តហោះអន្តរជាតិថ្មី ផ្សារទំនើប AEON Mall មានជ័យ និងអាជីវកម្មជាច្រើនទៀតក៏នឹងកំពុង ចូលមកបង្ហាញខ្លួនក្នុងតំបន់នេះផងដែរ ដែលធ្វើឱ្យបុរី ដឹ រ៉េស៊ីដិននឹងចូលរួមចំណែក ក្នុងការធ្វើទំនើបកម្មលើផ្លូវ ៦០ ម៉ែត្រ ក៏ដូចជាប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ ជាមួយនឹងទំហំ​អចលនទ្រព្យ ៤១៧ ខ្នង​។

៣.តើលោកស្រីមានជំនឿយ៉ាងណាដែរ ក្នុងការចាប់ផ្តើមក្រុមហ៊ុននេះឡើង ខណៈពេលដែលកំពុងមានការប្រកួតប្រជែងខ្លាំង?

យើងខ្ញុំ​បានដឹងថាក្នុងវិស័យ​នេះ មានការប្រកួតប្រជែងខ្លាំង ដូច្នេះក្រុម​ការ​ងារ​ទាំង​អស់​ ត្រូវតែបន្តខិតខំប្រឹងប្រែង និងធ្វើការរួមគ្នា ដើម្បីផ្តល់ជូននូវអ្វីដែលពិសេសលើស ពីការរំពឹងទុករបស់អតិថិជនយើង។ ជាមួយការចាប់ផ្តើមដ៏រឹងមាំរបស់គម្រោងបុរី ដឹ រ៉េស៊ីដិន​ បទ​ពិសោធ​នៃ​ភាពជោគជ័យ ការ​ត្រៀម​ខ្លួន​សម្រាប់​អនាគត​ រួមជាមួយនឹងការគាំទ្រ ការជឿទុកចិត្តពីអតិថិជន និងដៃគូសហការទាំងអស់ យើងមានសុទិដ្ឋិនិយមថា ពួកយើងប្រាកដជាអាចបង្កើតលំនៅដ្ឋាន​ និងតំបន់​ពាណិជ្ជកម្មបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍន៍​ប្រទេសកម្ពុជា តាមគ្រប់​លទ្ធ​ភាព​ដែល​យើង​អាច​ធ្វើ​បាន​។
មានមេរៀនភាពជាអ្នកដឹកនាំសំខាន់ៗមួយ​ចំនួន​ ដែលនាងខ្ញុំបានរៀន អភិវឌ្ឍបន្ថែម និងអនុវត្តជាក់​ស្ដែង​ចំពោះ អាជីវកម្មរបស់ខ្ញុំផ្ទាល់គឺ៖ ភាពស្មោះត្រង់ យុត្តិធម៌ ទំនួលខុសត្រូវខ្ពស់ ការ​លើក​ទឹក​ចិត្ត​ ការគោរព ការធ្វើការងារជាក្រុម និងការ​ទំនាក់​ទំនង​។​ តាម​រយៈ​ការ​បន្ត​អនុវត្ត​ចំណុច​ទាំង​នេះ​ ខ្ញុំមានសុទិដ្ឋិនិយមជាខ្លាំងថា យើងនឹងសម្រេចបានជោគជ័យ​ ជាច្រើនទៀតក្នុង​ដំណើរខាងមុខ។

៤.តើលោកស្រីមានទស្សនៈ យ៉ាងណាចំពោះភាពខ្លាំង និងភាពខ្សោយនៃអាជីវកម្មរបស់លោកស្រី?

ចំណុចខ្លាំងរបស់យើងពឹងផ្អែក លើគុណតម្លៃស្នូលដែលយើង ប្រកាន់ខ្ជាប់ទូទាំងស្ថាប័នទាំងមូល រួមមាន៖
១ ក្រុមការងារ៖ យើងមានមោទនភាពដែលមានក្រុមការងារមួយ ​ពោរពេញទៅដោយសមត្ថភាព​ ហើយ​ពួក​​យើង​មាន​ការ​ប្ដេជ្ញា​ចិត្ត​ រួម​គ្នា​ដើម្បី​​នាំមកនូវ​ស្ដង់ដារអន្តរជាតិជូន​ដល់​អតិថិជន​ តាម​រយៈ​រាល់​គម្រោង​អភិវឌ្ឍន៍ ​អចលនទ្រព្យ​ដែល​យើង​មាន​។ ​ដើម្បីសម្រេចបាននូវគុណ​តម្លៃ​​មួយនេះ ពួកយើងផ្តោតការ​យក​ចិត្ត​ទុក​ដាក់​ យ៉ាង​ខ្លាំង​ក្នុង​ការអភិវឌ្ឍន៍​ និង​ពង្រឹង​​ធនធានមនុស្សរបស់យើង ទាំងផ្នែកបុគ្គលិកលក្ខណៈ និងផ្នែកវិជ្ជាជីវៈ។

២ គុណភាព៖ យើងខិត​ខំប្រឹង​ប្រែង​ដើម្បី​សម្រេចឲ្យ​ បានលើស​ពី​ការរំពឹងទុក របស់អតិថិជនរបស់យើង ព្រោះ​ពួកយើងចង់ផ្ដល់​ជូន​ពួក​គាត់​នូវលំនៅដ្ឋានដែលមានគុណភាពខ្ពស់ ស្រប​តាម​ស្ដង់​ដារ​អន្តរជាតិ​​។ សុភមង្គលរបស់អតិថិជន និងសហគមន៍គឺ​ជាភាព​ជោគជ័យ​សំខាន់មួយ​ដែល​យើង​ចង់​បាន។ 

៣ ទំនុក​ចិត្ត៖ យើងប្រកាន់​ខ្ជាប់​នូវ​ទំនុក​ចិត្ត ​សម្រាប់​រាល់ប្រតិបត្តិការ​អាជីវកម្ម​ ការសហការ ជាមួយក្រុមការងារ និងដៃគូអាជីវកម្មរបស់​យើង​ផង​ដែរ​។ យើងតែងតែគិតអំពីអតិថិជនជាសំខាន់ និង​ប្រឹង​ប្រែង​អស់​ពីសមត្ថភាព​​ ដើម្បី​ទទួល​បាន​ទំនុក​ចិត្ត​ពីពួកគាត់ រាល់គម្រោងដែលពួកយើងអភិវឌ្ឍន៍​។ 

៤ ការច្នៃប្រឌិត៖ ដោយសារតែប្រទេស និងសេដ្ឋកិច្ចជាតិកំពុងមានការរីកចម្រើន និងលូតលាស់ខ្លាំង​ យើងក៏ត្រូវតែមានការច្នៃប្រឌិត សម្រាប់បំពេញត​​ម្រូវការរបស់អតិថិជនរបស់យើងដែរ ពោលគឺការផ្ដល់​នូវ​បទពិសោធន៍​ថ្មី​ជូន​ដល់​អតិថិ​ជន​។  អតិថិជនរបស់យើងនឹង​អស់​ ក្ដី​បារម្ភពី​ស្ដង់​ដារ​នៃ​ការ​រស់​នៅរបស់​ពួក​គាត់​ ព្រោះ​​ពួក​យើង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​សុភមង្គល​ និងសុវត្ថិភាពប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​។

៥ ការរីកចម្រើន៖ អ្វីដែលជម្រុញទឹកចិត្តរបស់យើង ក្នុងការបោះជំហានទៅមុខ គឺការរីកចម្រើន និងភាព​ជោគ​ជ័យ​នៃ​អាជីវកម្ម​របស់យើង អតិថិជន និងដៃគូសហការដែល​យើង​មាន​។ យើងបានវិនិយោគទៅលើធនធាន ពេលវេលា និងកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជាច្រើន ដើម្បីអនុវត្តនូវយុទ្ធសាស្រ្តអាជីវកម្ម​មួយ​ដែល​អាច​ឱ្យ​យើង​ទាំង​អស់​គ្នា​រីក​ចម្រើន ​ទៅ​មុខ​ជាមួ​យ​គ្នាប្រកប​ដោយ​និរន្តរ​ភាព​​។ 

ចំពោះភាពទន់ខ្សោយ នាងខ្ញុំនឹងមិនរៀបរាប់ពីបញ្ហាប្រឈម ណាមួយថាជាចំណុចខ្សោយនោះទេ ប៉ុន្តែខ្ញុំគិតថាចំណុច​ទាំង​នេះ​ជាឱកាសទៅវិញ។ ខ្ញុំនៅតែមើលឃើញឱកាស ជាច្រើនសម្រាប់យើង នៅពេលសេដ្ឋកិច្ចបន្តរីកចម្រើន ជាមួយនឹងតម្រូវការកើនឡើង នៃសហគមន៍លំនៅដ្ឋាន និងអគារ​ពាណិជ្ជកម្មក្នុង និងក្រៅរាជ​ធានី​ភ្នំពេញ។

៥.តើអ្វីជាសមិទ្ធ​ផលធំបំផុតរបស់ក្រុមហ៊ុន ដាលីន ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក ក្នុងឆ្នាំ ២០២២? ហើយតើលោកស្រីបានរៀបចំ ផែនការអ្វីខ្លះសម្រាប់ឆ្នាំ ២០២៣ នេះ?

សមិទ្ធផលមួយដែលខ្ញុំមានមោទនភាពបំផុត គឺការអភិវឌ្ឍគម្រោងបុរី ដឹ រ៉េស៊ីដិន​ ព្រោះគម្រោង​នេះ​ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង សាមគ្គីភាព និងភាពជឿជាក់ដែលក្រុមការងារ របស់យើងទាំងមូលរួមគ្នាសម្រេចបាន ។ បន្ថែមពីនេះ យើងមានក្រុមការងារដ៏រឹងមាំ មួយដែលមានបទពិសោធ និងជំនាញផ្សេងៗគ្នា ប៉ុន្តែយើង មានបេសកកម្មរួមក្នុងការលើកកម្ពស់ការ​រស់​នៅក្នុងសហគមន៍តាមរយៈកិច្ច​ការ​ងារ​ និង​សេវាកម្ម​ដែល​យើង​ផ្ដល់​ជូន​។ ពួកយើងបានសហការ​គ្នា​រៀបចំកម្មវិធី តាំងពិព័រណ៍អចលនទ្រព្យជា​ច្រើ​ន​ ហើយ​ក៏​​បានបញ្ចប់ការសាង​សង់​ផ្ទះគំរូ និងគម្រោងផ្ទះអាជីវកម្មប្រភេទ A ដើម្បី​ត្រៀម​​ប្រគល់ផ្ទះជូនអតិថិជនរបស់យើង ទោះបីមានបញ្ហាប្រឈមនានា​ ដែលបណ្តាលមកពីជំងឺកូវីដ-១៩ក៏ដោយ។

ខ្ញុំក៏មានមោទនភាពយ៉ាងខ្លាំងផង​ដែរ​ ចំពោះសមិទ្ធផលដែលក្រុមការងារ និងអាជីវកម្មរបស់យើងបាននាំ ទៅកាន់​ក្រុម​គ្រួ​សារ​ខ្មែរ​តាមរយៈសកម្មភាព​សហគមន៍​របស់​យើង​ដែល​មាន​ឈ្មោះថា “Share The Love” ដែលយើងបានប្តេជ្ញាចិត្តចែករំលែកក្តីស្រលាញ់ និង​រីក​ចម្រើន​ទៅមុខ​រួម​គ្នា​ជា​មួយ​សហគមន៍​កម្ពុជា​របស់​យើង​។ ទោះបីជាយើងទើបតែចាប់ផ្តើមក្តី តែយើងបានផ្ដល់​ការ​គាំ​ទ្រ​ជាច្រើន ក្នុងអំឡុងពេលការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដែល​ក្នុង​នោះ​​រួមមានការបរិច្ចាគដល់ ក្រុមអាជ្ញាធរដែលបានប្រយុទ្ធប្រឆាំងនឹងជំងឺនេះ​ លោកតា​ស៊ីក្លូ ជនចាស់ជរា និងប្រ​ជាជន​ជាច្រើនទៀតដែលត្រូវការជំនួយ។ នៅក្នុងកម្មវិធី “Share The Love” យើងផ្តោតលើការជួយគាំទ្រក្នុងផ្នែកសំខាន់ៗ ៣ គឺ៖ សហគមន៍ដែលកំពុងខ្វះខាត, សុខភាព និងសុខុមាលភាព, និងការអភិវឌ្ឍន៍​ធនធានមនុស្សជំនាន់ក្រោយ។

ឆ្នាំ ២០២៣ គឺជាពេលវេលាដ៏គួរឱ្យ រំភើបមួយទៀតសម្រាប់យើង ដោយសារយើងមាន​គម្រោង​ អភិវឌ្ឍសហគមន៍លំនៅដ្ឋាន និងពាណិជ្ជកម្មបន្ថែមទៀតនៅក្នុង និងក្រៅរាជធានីភ្នំពេញ។ ខេត្តព្រះសីហនុក៏​ជា​ជាចំណុចសំខាន់ មួយរបស់យើងផង​ដែរ​។ នាងខ្ញុំនឹងអាចចែករំលែកព័ត៌មាន បន្ថែមអំពីគម្រោងទាំងនេះ នៅប៉ុន្មានខែខាងមុខទៀត។

៦.តើលោកស្រីមានទស្សនៈ យ៉ាងណាចំពោះអនាគតនៃវិស័យ​ អភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា?

ការទិញអចលនទ្រព្យ គឺជាការវិនិយោគ និងជាផែនការរយៈពេលវែង ដ៏ល្អមួយសម្រាប់ក្រុមគ្រួសារ។ ខ្ញុំបានអានលទ្ធផលពីការ ស្ទង់មតិមួយធ្វើឡើងដោយ Realestate.com.kh ដែលចេញផ្សាយនៅលើកាសែត ភ្នំពេញ ប៉ុស្តិ៍ កាលពីឆ្នាំមុន ដោយអ្នកឆ្លើយតបជាង ៩០% បាននិយាយថាការទិញអចលនទ្រព្យ គឺជាការវិនិយោគដ៏ល្អប្រសើរមួយនៅកម្ពុជា។

ខណៈ​ពេល​នេះ​ពួក​យើង​ទាំង​អស់​គ្នា​កំពុង​តែ​ធ្វើ​ការ​យ៉ាង​សស្រាក់​សស្រាំ​ ដើម្បី​បោះជំហាន​ទៅមុខ​ក្រោយ​វិបត្តិជំងឺ​កូវីដ​ ១៩​ ហើយ​តាម​រយៈ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ពី​ក្រុមការ​ងារ​ និង​ការ​បន្ត​គាំ​ទ្រ​ពី​អតិថិជន​ ខ្ញុំជឿ​ជាក់​យ៉ាងច្បាស់ថា មានឱកាសជាច្រើនទៀតកំពុងរង់ចាំ យើងនៅក្នុងវិស័យ​អភិវឌ្ឍន៍ អចលនទ្រព្យនេះនៅ​ក្នុង​ឆ្នាំ​ ២០២៣​ និង​ឆ្នាំ​បន្ត​បន្ទាប់​ទៀត ៕

លោកអ្នកអាចស្វែងរក Daline Property Development នៅលើ តេឡេក្រាម ឬចុចតំណរខាងក្រោម៖
https://t.me/TheResidencebyDalineDevelopment
សាកសួរព័ត៍មានលំអិត ៖ 078 31 32 33

ឬចូលទៅកាន់ Facebook Page៖ https://www.facebook.com/dlpropertydevelopment

To Top