ព័ត៌មានជាតិ

សម្តេចតេជោ បានអញ្ជើញដល់ក្រុងវៀងច័ន្ទ ប្រទេសឡាវ ប្រកបដោយសុវត្ថិភាព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅម៉ោងប្រមាណជាង៩ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ប្រកបដោយសុវត្ថិភាពហើយ បន្ទាប់ពីចេញពីកម្ពុជាកាលពីជាង ១ម៉ោងមុន។

ការចេញទៅឡាវរបស់សម្តេចនេះ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការរយៈពេល២ ថ្ងៃពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

វត្តមាននៃការអញ្ជើញ ដល់របស់សម្ដេចតេជោ និងគណៈប្រតិភូ ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍ យ៉ាងកក់ក្តៅជាទីបំផុតពី សំណាក់រដ្ឋាភិបាលឡាវ ឯកអគ្គរាជទូតកម្ពុជាប្រចាំឡាវ និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗ ជាច្រើនទៀតផងដែរ។

តាមរយៈដំណើរអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការនេះ នឹងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមទាំងសន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួម សម្រាប់ប្រទេសទាំងពីរ ៕

To Top