គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ថ លោក ចូ បៃដិន ប្រធានាធិបតី សហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន ក្នុងអំឡុងដំណើរទស្សន កិច្ចដោយ មិនប្រកាសមួយទៅកាន់រដ្ឋធានីរបស់ អ៊ុយក្រែននៅថ្ងៃចន្ទនេះ ដោយបង្ហាញពីសាមគ្គីភាពជាមួយទីក្រុង គៀវ នៅប៉ុន្មានថ្ងៃមុនខួបលើកទី១នៃការលុកលុយពេញលេញ របស់រុស្ស៊ីមកលើអ៊ុយក្រែន ។
ស៊ីរ៉ែនវាយឆ្មក់តាមអាកាសបានបន្លឺឡើងពាសពេញរដ្ឋធានីអ៊ុយក្រែន ខណៈលោក បៃដិន បានធ្វើទស្សនកិច្ចនៅក្រុងគៀវ ដើម្បីពិភាក្សាជាមួយប្រធានាធិបតី លោក Volodymyr Zelenskyy ប៉ុន្តែមិនមានរបាយការណ៍ពីការបាញ់មីស៊ីល ឬការវាយប្រហារតាមអាកាសរបស់រុស្ស៊ីឡើយ ។
លោក បៃដិន បានថ្លែងថា ក្រុងវ៉ាស៊ីនតោននឹងឈរជាមួយអ៊ុយក្រែន ដរាបណាប្រទេសនេះត្រូវការ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក គឺជាអ្នកផ្គត់ផ្គង់ជំនួយយោធាដ៏ធំបំផុត ដើម្បីជួយអ៊ុយក្រែន ទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ដែលមានបំពាក់បរិក្ខារប្រសើរជាងមុន ។
លោក Zelenskyy បានថ្លែងថា “ដំណើរទស្សនកិច្ចរបស់អ្នក គឺជាសញ្ញាដ៏សំខាន់បំផុតនៃការគាំទ្រ សម្រាប់ប្រជាជន អ៊ុយក្រែនទាំងអស់” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា