សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ថា រដ្ឋាភិបាល នៅក្នុងតំបន់ បានឲ្យដឹង កាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៤៤នាក់ ហើយដោយសារគ្រោះបាក់ដី និងទឹកជំនន់កាលពី ចុងសប្តាហ៍ នៅលើឆ្នេរសមុទ្រ នៃរដ្ឋសៅប៉ូឡូរបស់ប្រទេសប្រេស៊ីល ខណៈដែលមនុស្សប្រហែល៤០នាក់នៅតែបាត់ខ្លួន។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយរដ្ឋាភិបាល សៅប៉ូឡូ មនុស្ស៤៣នាក់បានស្លាប់នៅក្នុងគ្រោះបាក់ ដីដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងទីក្រុង Sao Sebastiao និងមនុស្សម្នាក់ទៀតនៅក្នុង រមណីយដ្ឋាន មាត់សមុទ្រនៃ Ubatuba ។
យោងតាមរបាយការណ៍ផ្លូវការបានឱ្យដឹងថា មនុស្សជាង២.៤០០នាក់ត្រូវជម្លៀសចេញពីតំបន់នេះ បន្ទាប់ពីផ្ទះរបស់ ពួកគេត្រូវបានបំផ្លាញ ។
គ្រោះបាក់ដីបានកើតឡើងក្នុងអំឡុងពេលពិធីបុណ្យ Carnival ដែលភាគច្រើនត្រូវបានផ្អាក ដែលធ្វើឱ្យអ្នកទេសចរ ជាច្រើន ជាប់គាំង ខណៈដែលផ្លូវ និងផ្លូវហាយវេជាច្រើនដែលនាំទៅដល់រមណីយដ្ឋានមាត់សមុទ្រត្រូវបានខូចខាត ។
ទីក្រុងដែលរងផលប៉ះពាល់ខ្លាំងជាងគេ និងស្ថិតក្រោមស្ថានភាពនៃគ្រោះមហន្តរាយគឺ Sao Sebastiao, Ubatuba, Guaruja, Bertioga, Ilhabela និង Caraguatatuba ។
លោកប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva បានកាត់បន្ថយវិស្សមកាលរបស់គាត់កាលពីថ្ងៃចន្ទ ហើយបានធ្វើដំណើរទៅកាន់តំបន់រងគ្រោះដើម្បីប្រកាសការគាំទ្រដល់ Sao Sebastiao ដោយសន្យាផ្តល់ មូលនិធិសហព័ន្ធសម្រាប់ការសាងសង់លំនៅដ្ឋាន ។
ទន្ទឹមនឹងនេះ មូលនិធិសង្គម សៅ ប៉ូឡូ និងទីភ្នាក់ងារការពារជនស៊ីវិលបានចាប់ផ្តើមចែកចាយជំនួយមនុស្សធម៌ ដែលបានបរិច្ចាគចំនួន៧,៥តោនដល់ជនរងគ្រោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា