បរទេស ៖ មេបញ្ជាការទ័ពអាកាស RAAF អនុសេនាធិការ អាកាស Darren Goldie បាននិយាយថា អាកាសយានិក នៃកងទ័ពអាកាសអូស្ត្រាលី កំពុងត្រូវបានផ្តល់ជំនួយ ផ្នែកចិត្តសាស្រ្តបន្ទាប់ពីការជួបប្រឈម មុខផ្ទាល់ជាមួយយន្តហោះចម្បាំងចិន នៅសមុទ្រចិនខាងត្បូង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក Goldie បានប្រាប់ ABC កាលពីថ្ងៃអាទិត្យថា “សុខភាពផ្លូវចិត្តរបស់អាកាសយានិក និងមនុស្សរបស់យើង… ទាក់ទងជាមួយអ្វីៗ ដូចជាការស្ទាក់ចាប់ ឬបញ្ហាប្រឈមនៅលើវិទ្យុ… វាជារឿងសំខាន់ដែលនៅពេល ដែលយើងនាំយកពួកគេមកវិញ យើងនិយាយជាមួយ ពួកគេអំពីបទពិសោធន៍នេះ” ។
លោកបានបន្ថែមថា RAAF រក្សាការជូនដំណឹង ដល់អ្នកបើកយន្តហោះអំពី “សេវាកម្មអ្វីខ្លះដែលអាចធ្វើបាន ប្រសិនបើពួកគេមានបញ្ហា ដោយសារបទពិសោធន៍ ដែលពួកគេបានឃើញ” ។
អនុសេនាធិការអាកាសបាននិយាយថា ការយកចិត្តទុកដាក់ជាពិសេស គឺត្រូវបានផ្តល់ទៅឱ្យសុខុមាលភាព របស់អាកាសយានិក ដែលមិនមាននៅក្នុងកៅអីអ្នកបើកយន្តហោះ ដោយសារតែពួកគេមានការគ្រប់គ្រងតិចក្នុងការជួបភាពតានតឹង។
យោងតាមលោក Goldie ការរៀបចំរបស់អាកាសយានិកអូស្ត្រាលី សម្រាប់បេសកកម្មក៏បានវិវត្តផងដែរ នៅពេលដែល “យើងបានឃើញការផ្លាស់ប្តូរ បរិយាកាសប្រតិបត្តិការ” នៅពីលើសមុទ្រចិនខាងត្បូង៕