ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី និងអ៊ុយក្រែន ប្រកាសថា មានអ្នកស្លាប់ និងរបួសច្រើននាក់នៅតំបន់ Donbas

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ថា ទាំងប្រទេសអ៊ុយក្រែន និងរុស្ស៊ី កាលពីថ្ងៃអាទិត្យបានរាយការណ៍មកថា មានអ្នកស្លាប់ និងរបួសច្រើននាក់នៅក្នុងតំបន់ Donbas របស់ប្រទេសអ៊ុយក្រែន ដែលជាចំណុចផ្តោតនៃដំណើរការយឺតយ៉ាវ និងយូរអង្វែងរបស់ទីក្រុងម៉ូស្គូ លុកលុយចូលទៅក្នុងទឹកដីរបស់ប្រទេសជិតខាងរបស់ខ្លួន ។

គេបានដឹងថា ការប្រយុទ្ធគ្នាភាគច្រើន នៅភាគខាងកើតបានផ្តោតលើក្រុង Bakhmut ដែលភាគច្រើនត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារជាច្រើនខែ និងការបាញ់គ្រាប់ផ្លោងដោយរុស្ស៊ី នៅក្នុងអំឡុងពេលជម្លោះដែលមានអាយុកាល១ឆ្នាំមកនេះ ។

លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា កងកម្លាំងរុស្ស៊ី ត្រូវបានបាញ់បណ្តាល ឲ្យស្លាប់អស់ជាង១.១០០នាក់ក្នុងរយៈពេលតិចជាង១សប្តាហ៍ នៃការប្រយុទ្ធគ្នានៅជិតទីក្រុងនេះ ។

លោក Zelenskyy បានថ្លែងដោយគូសបញ្ជាក់នៅក្នុងខ្សែវីដេអូ នាពេលយប់របស់គាត់ថា “ក្នុងរយៈពេលតិចជាង១សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី៦ ខែមីនា យើងអាចសម្លាប់ទាហានរបស់ត្រូវជាង១.១០០នាក់នៅក្នុងក្រុង Bakhmut ដែលជាការបាត់បង់ ដែលមិនអាចត្រឡប់វិញបានរបស់រុស្ស៊ី នៅទីនោះនៅជិតក្រុង Bakhmut” ។

ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងកម្លាំងរបស់ខ្លួនកំពុងធ្វើប្រតិបត្តិការយោធាបន្ថែមទៀតនៅក្នុងតំបន់ Donetsk ដែលរួមជាមួយនឹងតំបន់ Luhansk ដែលនៅជាប់គ្នាបង្កើតបានជាតំបន់ Donbas ។

ក្រសួងបានបញ្ជាក់ឲ្យដឹងទៀតថា កងកម្លាំងរុស្ស៊ី បានសម្លាប់សមាជិកសេវាកម្មអ៊ុយក្រែនជាង២២០នាក់នៅក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top