បរទេស៖ ទីក្រុងវ៉ាស៊ីនតោន មានការប្តេជ្ញាចិត្តយ៉ាងខ្លាំង ក្នុងការរារាំងប្រទេសចិន ពីការដណ្តើមគ្រប់គ្រងឧស្សាហកម្ម semiconductor របស់កោះតៃវ៉ាន់ ដែលអាមេរិកនឹងបំផ្លាញ រោងចក្រផលិតបន្ទះឈីបនៅក្នុងព្រឹត្តិការណ៍ នៃ “ការឈ្លានពាន” ដោយកងកម្លាំងរបស់ទីក្រុងប៉េកាំង, នេះបើតាម អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Robert O’Brien បាននិយាយកាលពីថ្ងៃចន្ទ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក O’Brien បានប្រាប់សារព័ត៌មានអនឡាញ Semafor ថា “សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នឹងមិនអនុញ្ញាតឱ្យរោងចក្រទាំងនោះធ្លាក់ទៅក្នុងដៃរបស់ចិនឡើយ” ។ លោកបានបន្ថែមថា ការអនុញ្ញាតឱ្យចិន ចាប់យករោងចក្រនោះ គឺនឹងធ្វើឱ្យបក្សកុម្មុយនិស្តចិន (CCP) “ដូចជា OPEC ថ្មីនៃបន្ទះឈីបស៊ីលីកុន” ដែលអនុញ្ញាតឱ្យចិន”គ្រប់គ្រងសេដ្ឋកិច្ចពិភពលោក” បាន។
លោក O’Brien ដែលបានបម្រើការ ជាទីប្រឹក្សាសន្តិសុខជាតិក្រោមការដឹកនាំ របស់ប្រធានាធិបតី Donald Trump ពីឆ្នាំ ២០១៩ ដល់ខែមករា ឆ្នាំ ២០២១ មិនបានបញ្ជាក់ពីថាតើវាជាគោលនយោបាយផ្លូវការរបស់សហរដ្ឋអាមេរិកនៅចំណុចណាមួយក្នុងការវាយកម្ទេចរោងចក្រ semiconductor របស់កោះតៃវ៉ាន់ ដើម្បីរារាំងទីក្រុងប៉េកាំងនោះទេ។
នៅពេលសួរថាតើរោងចក្រពិតជានឹង “បាត់បង់” នៅក្នុងសេណារីយ៉ូបែបនេះឬអត់? លោកបាននិយាយថា “ខ្ញុំមិននឹកស្រមៃថា រោងចក្រទាំងនោះ នឹងមិនខូចខាតទេ” ៕
ប្រែសម្រួលៈ ណៃ តុលា