ព័ត៌មានជាតិ

សម្ដេចតេជោ៖ ចាប់ពេលនេះទៅ គណបក្សប្រជាជនកម្ពុជា ប្រកាសថា ខ្លួនជានិមិត្តរូប នៃការផ្លាស់ប្ដូរពិតប្រាកដ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ចាប់ពេលនេះតទៅ គណបក្សប្រជាជនកម្ពុជា ប្រកាសថា ខ្លួនជានិមិត្តរូបនៃការផ្លាស់ប្ដូរពិតប្រាកដនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្រោយមានគណបក្សមួយ បានលើកឡើងថា ខ្លួនជានិម្មិតរូបនៃការផ្លាស់ប្តូរប្រទេសកម្ពុជា

នាឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោបានឲ្យដឹងថា មានតែគណបក្សប្រជាជនកម្ពុជា កំពុងដឹកនាំរាជរដ្ឋាភិបាលប៉ុណ្ណោះ ជានិមិត្តរូបនៃផ្លាស់ប្តូរ គឺផ្លាស់ប្តូររបបវាលពិឃាត មកសន្តិភាព, ពីក្រីក្រមកជាប្រទេសមានជីវភាពល្អប្រសើរ និងរីកចម្រើនជាបន្តបន្ទាប់ផងដែរ។

សម្ដេចតេជោបញ្ជាក់ថា «ពិតហើយ យើងធ្លាប់បានលឺអំពីគណបក្សខ្លះ បាននិយាយថា ពួកគេជានិមិត្តរូបនៃការផ្លាស់ប្ដូរ ក៏ប៉ុន្តែខ្ញុំ សូមយកទីនេះបញ្ជាក់ថា គណបក្សប្រជាជន ដឹកនាំរដ្ឋាភិបាលទៅវិញទេ ដែលជានិមិត្តរូបនៃការផ្លាស់ប្ដូរ របស់ព្រះរាជាណាចក្រកម្ពុជា»។

សម្ដេចតេជោបន្ដថា សម្ដេចមិនយកបន្លា ជួសបន្លា តែសម្ដេចយកញញួរ ទៅវ៉ៃបន្លាវិញ។ សម្ដេច ចោទសួរថា តើអ្នកធ្វើឲ្យផ្លាសប្ដូរពិតប្រាកដ? បើសិនអ្នកឯងនិយាយត្រឹមត្រូវតែនិមិត្តរូប នៃការផ្លាស់ប្ដូររបប បាន ប៉ុន្ដែអ្នកនិយាយពីនិមិត្តរូប ពីការផ្លាស់ប្ដូរសង្គ្រាម មកកាន់សន្ដិភាព ពីរបបប្រល័យពូជសាសន៍ មកកាន់រស់រានមានជីវិត ពីការអត់មានអ្វី មកមាន បញ្ហាហ្នឹងសម្ដេចជឿ។

សម្ដេចនាយករដ្ឋមន្ដ្រី បញ្ជាក់ទៀតថា «សម្រាប់គណបក្សប្រជាជន ចាប់ពីពេលនេះទៅ ប្រកាសខ្លួនថា ខ្លួនជានិមិត្តរូ នៃការផ្លាស់ប្ដូរ ក្នុងប្រទេសកម្ពុជា»។

សម្ដេចបន្ថែមទៀតថា កម្ពុជា នឹងប្រែក្លាយជាប្រទេសមួយ មានប្រាក់ចំណូលមធ្យមកម្រិតទាប ផ្លាស់ប្ដូរទៅជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមាន ប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០ និងក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងអាចចេញផុតពីប្រទេស ដែលមានការអភិវឌ្ឍតិចតួច។ នេះជាការផ្លាស់ប្ដូរមានចរិតជាក់ស្ដែង និយមដែលបានឃើញ៕

To Top