ព័ត៌មានអន្តរជាតិ

អាជ្ញាធរថៃ កំពុងព្យាយាមស្វែងរក បំពង់ស៊ីឡាំង១ មានផ្ទុកវិទ្យុសកម្មបង្កគ្រោះថ្នាក់ ដល់សុខភាពធ្ងន់ធ្ងរ

បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ថា ក្រុមមន្ត្រីបានឲ្យដឹងនៅថ្ងៃអង្គារថា អាជ្ញាធរថៃ កំពុងព្យាយាមស្វែងរកស៊ីឡាំង១ធុង ដែលមានផ្ទុកសារធាតុវិទ្យុសកម្មដ៏គ្រោះថ្នាក់ ដែលបានបាត់ពីស្ថានីយ៍ថាមពលមួយ ដោយព្រមានពីហានិភ័យសុខភាពធ្ងន់ធ្ងរ ពីការប៉ះពាល់ដោយផ្ទាល់ ។

បុគ្គលិកនៅរោងចក្រដុតធ្យូងថ្មនៅក្នុងខេត្ត Prachinburi ភាគខាងកើតទីក្រុងបាងកក បានកត់សម្គាល់ឃើញបំពង់ដែកប្រវែង ៣០សង់ទីម៉ែត្រ និងទទឹង១៣សង់ទីម៉ែត្រ បានបាត់ក្នុងអំឡុងពេល ត្រួតពិនិត្យជាប្រចាំកាលពីថ្ងៃសុក្រ ។

លោក Kittiphan Chitpentham ម្ចាស់ក្រុមហ៊ុន National Power Supply Public Company បានលើកឡើង ការស្វែងរកចុងសប្តាហ៍បានបរាជ័យ ក្នុងការស្វែងរកបំពង់ទម្ងន់២៥គីឡូក្រាម ដែលមានផ្ទុកសារធាតុវិទ្យុសកម្មខ្ពស់ Caesium-137 ។

ក្រុមហ៊ុនជឿជាក់ថា វាអាចធ្លាក់ពីលើជញ្ជាំង ដែលមានកម្ពស់ប្រហែល ១៨ម៉ែត្រ កាលពីប៉ុន្មានថ្ងៃមុននេះ ។

ការធ្វើតេស្តវិទ្យុសកម្មនៅរោងចក្របង្ហាញថា ធុងស៊ីឡាំងនេះត្រូវបានគេដកចេញពី បរិវេណនេះហើយ ។

លោក Narong Nakornjinda អភិបាលខេត្ត Prachinburi បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន AFP បានឲ្យដឹងថា “យើងកំពុងស្នើសុំប្រជាជន ក្នុងតំបន់ឲ្យជួយស្វែងរកធុងនេះ” ។

“សារធាតុវិទ្យុសកម្មស្ថិតនៅក្នុង ស្ថានភាពបិទជិត និងការពារ ប៉ុន្តែប្រសិនបើនរណាម្នាក់បើកវា ហើយប៉ះពាល់នឹងសារធាតុនោះ វាអាចបណ្តាលឱ្យមានស្នាមកន្ទួល និងរលាក” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top