ភ្នំពេញ ៖ ក្រោយទៅដល់វៀតណាមរបស់គណៈប្រតិភូកម្ពុជា នាព្រលប់ថ្ងៃ២២ មីនា នាព្រឹកថ្ងៃ២៤ មីនានេះ ពិធីរត់ដង្ហែភ្លើងគប់ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានចាប់ផ្តើមនៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ពិធីនេះមានការចូលរួមពីនិស្សិតកម្ពុជា អត្តពលិកវៀតណាម ប្រមាណ៣០០នាក់ ក្រោមអធិបតីលោក ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាបេសកជនពិសេសដង្ហែព្រះអគ្គិជ័យកីឡា , លោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម , លោក ហ័ង ដាវគឿង អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម , លោក ដាំង ហាវៀត អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម និងជាអនុប្រធានគណៈកម្មាធិការអូឡាំពិកវៀតណាម , ថ្នាក់ដឹកនាំតំណាងក្រសួងការបរទេសវៀតណាម និងថ្នាក់ដឹកនាំតំណាងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ព្រមទាំងមានការចូលរួមអបអរសាទរពីយុវជន មហាជនជាច្រើនផងដែរ៕