ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់ដូមីនីកឲ្យពិនិត្យលទ្ធភាព ក្នុងការពង្រីងកិច្ចសហប្រតិបត្តិការ ទៅលើវិស័យផ្សេងៗទៀត ដូចជាវិស័យទេសចរណ៍ជាដើម ។
ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ សម្ដេចតេជោនាថ្ងៃ ២៤ មីនា លោក វីន ហេនដឺសាន់ បានសរសើរសម្តេចតេជោដែលបានដឹកនាំកម្ពុជា ប្រកបដោយសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ លោកបញ្ជាក់ថា ទស្សនកិច្ចរបស់លោកពេលនេះ ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅថែមទៀត តាមរយៈក្រមខណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសតាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យកសិកម្ម និងនេសាទ ។
ជាកិច្ចឆ្លើយតប សម្តេចតេជោស្វាគមន៍ចំពោះការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើទិដ្ឋាការ ដែលនេះជាការចាប់ផ្តើមដ៏ល្អ សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសពីរ។
សម្តេចតេជោក៏បានស្វាគមន៍ផងដែរ ចំពោះបំណងរបស់លោករដ្ឋមន្ត្រី ដែលចង់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ៕