ព័ត៌មានជាតិ

សម្តេចតេជោ ស្នើប្រធានមូលនិធិនីប៉ុន បន្តជួយដល់កម្ពុជាទៀត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើលោក យូហេ សាសាការ៉ា ប្រធានមូលនិធិនីប៉ុន (The Nippon Foundation ) បន្តជួយដល់កម្ពុជាតទៅទៀត ។

ការស្នើរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះធ្វើឡើងក្នុងឱកាសអនុញ្ញាតឲ្យ ប្រធានមូលនិធិនីប៉ុន ចូលជួបពិភាក្សាការងារ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

នាឱកាសនោះលោក សាសាកាវ៉ា បានជម្រាបជូនសម្ដេចតេជោ អំពីសកម្មភាពរបស់មូលនិធិសាសាកាវ៉ា នៅកម្ពុជា។

គួរបញ្ជាក់ថា មូលនិធិសាសាកាវ៉ានេះ គឺជាផ្នែកមួយ នៃមូលនិធិនីប៉ុន ហើយសព្វថ្ងៃនេះ មូលនិធិនេះ កំពុងតែមាន សកម្មភាព លើវិស័យ៖
ទី១- បង្កើតសាលាផលិតអវយវៈសិប្បនិម្មិត ដែលមានអាយុកាលប្រមាណ ៣០ឆ្នាំមកហើយ។ សាលានេះ ផលិតអវយវៈសិប្បនិម្មិត មានគុណភាពខ្ពស់ បច្ចេកទេសខ្ពស់ និងទទួលបានការគោរព និងមានប្រទេសចំនួន ២៨ បានបញ្ជូនសិស្សមកសិក្សាការផលិតអវយវៈសិប្បនិម្មិត នៅកម្ពុជា។
ទី២- ជួយសិស្សានុសិស្សនៅតាមជនបទ តាមរយៈការ បង្រៀនភាសាអង់គ្លេស និងផ្ដល់អាហាររូបករណ៍ ដល់សិស្សចំនួនប្រមាណ ២ម៉ឺន៥ពាន់នាក់ឲ្យបានទទួលការសិក្សា នៅភ្នំពេញផង និងនៅក្រៅប្រទេសផង។
ទី៣- ចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺឃ្លង់ ដែលលោកបានមានប្រសាសន៍ថា មកដល់ពេលនេះ កម្ពុជា ស្ទើរតែអស់អ្នកជំងឺដែលមានជំងឺឃ្លង់ហើយ។
ទី៤- សកម្មភាពរបស់មូលនិធិ នីប៉ុន នៅមីយ៉ាន់ម៉ា ជួយដល់ស្ត្រី និងកុមារ ខាងផ្នែកមនុស្សធម៌ ។

ជាការឆ្លើយតប សម្ដេចតេជោរីករាយ ចំពោះការរីកចម្រើនរបស់សកម្មភាព របស់មូលនិធិរបស់លោក សាសាកាវ៉ា នៅកម្ពុជា ដែលមិនត្រឹមតែជួយដល់ប្រជាជនកម្ពុជាទេ គឺជួយដល់ប្រជាជនប្រទេសដទៃទៀតផង លើការផលិតអវយវៈសិប្បនិម្មិត ។

សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះលោក សាសាកាវ៉ា ដែលបានជួយដល់កម្ពុជា លើវិស័យអប់រំ, លើវិស័យសុខាភិបាល ប្រយុទ្ធប្រឆាំងនឹងជំងឺឃ្លង់ ហើយមិនត្រឹមតែជួយដល់កម្ពុជាទេ បានជួយទៅដល់ប្រទេសមីយ៉ាន់ម៉ាទៀត ដោយជួយដល់កុមារ និងស្ត្រី លើវិស័យមនុស្សធម៌ ៕

To Top