ភ្នំពេញ៖ និយាយដល់អ្នកខ្លះស្រមើលស្រមៃ ចង់ធ្វើជានាយករដ្ឋមន្រ្តីហួសពីក្តីប្រាថ្នា ហើយអាចនឹកឃើញជាមុន ចង់ទៅអង្គុយតុធ្វើការក្នុងវិមានសន្តិភាព អំពីការយកតាមហុងស៊ុយបែរ មុខទិសទៅខាងណានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានរំលឹកឡើងវិញថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ដែលជាឧត្តមភរិយារបស់សម្តេចគឺ មិនដែលចេះចាត់ចែងជំនួសសម្តេចក្នុងការ រៀបចំការិយាល័យឲ្យសម្តេចម្តងណានោះទេ ។ នេះបើតាមសម្តេចក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ នៅព្រឹកថ្ងៃ៣០ មីនា។
ជាមួយនឹងការលើកពីភរិយា របស់សម្តេចមិនដែលចេះដឹងរឿងប្តី អំពីការិល័យធ្វើការនេះ សម្តេចក៏បានលើកពីអ្នកខ្លះចេះដឹងជាងប្តីទៀត ដោយប្រពន្ធឡើងទៅរៀបចំ ការិយាឲ្យបង្វែតាមហុងស៊ុយ ប៉ុន្តែទីបំផុតរលាយទាំងអស់ ។
សម្រាប់ករណីនេះ សម្តេចក៏បានគូសបញ្ជាក់ពីសម្តេចផ្ទាល់ថា “ប្រពន្ធខ្ញុំមិនដែលទៅប៉ះពាល់ ការិយាល័យរបស់ខ្ញុំទេ ។ មានតែនៅកន្លែងចាស់ពីមុន តែគាត់ទៅមិនមែនដើម្បីទៅមើលការងារខ្ញុំទេ គ្រាន់តែខ្ញុំចេញពីប្រជុំ ខ្ញុំត្រូវរួមដំណើរជាមួយគាត់ទៅពិធីជប់លាង ឬចូលកម្មវិធីណាមួយ គាត់ទៅអង្គុយចាំ …គេនាំគាត់ទៅអង្គុយការិយាល័យ របស់ខ្ញុំតែប៉ុន្នឹង គាត់មិនដែលទៅប្រាប់ថា ណេះបែរមុខទៅខាងណេក ខាងណោះ(តុធ្វើការ) គឺអត់ទេ វាអត់មានអ្នកតាកាច់ឯណា”។
សម្តេចនាយករដ្ឋមន្រ្តី ក៏បានផ្តាំទៅអ្នកបន្តវេនក្នុងតំណែងនានា ក្នុងកិច្ចការងាររដ្ឋ ទោះក្នុងកម្រិតណាក៏ដោយ ក៏មិនត្រូវឲ្យប្រពន្ធទៅរៀបចំការិយាល័យនោះទេ ។
សម្តេចក៏បានដាស់តឿនទៅដល់ មន្រ្តីក្រោមឱវាទសម្តេចផងដែរប្រយ័ត្នរឿងនេះ (ប្រពន្ធទៅរៀបចំការិយាល័យ យកតាមហុងស៊ុយ) ដោយសម្តេចថា “កុំឲ្យគេនិយាយថា ប្តីមិនអីទេ ណាស់តែមីប្រពន្ធហ្នឹងតាម៉ង់”។ សម្តេចថា ចំណុចនេះ មានគេសំដៅដល់អភិបាលខេត្តមួយចំនួន ។ សម្តេចតេជោបន្តថា មួយទៀតក៏កុំឲ្យគេបោះពាក្យថា ឪពុក-ម្តាយជាអភិបាលខេត្តមិនអីទេ តែកូនខ្លាំងដៃសម្បើមណាស់ “កុំប្តីស័ក្ត៣ ប្រពន្ធស័ក្ត៤ កូនស័ក្ត ឲ្យសោះ អានេះគ្រោះថ្នាក់” ។
នាឱកាសនេះ សម្តេចតេជោក៏បានប្រកាសជាសាធារណៈថា សម្តេចនឹងមិនអត់ឱនឲ្យចៅ ឬកូនសម្តេចយកឈ្មោះសម្តេចទៅប្រើស់ដើម្បីគាបសង្កត់អ្នកណាឡើយ ។
សម្តេចថ្លែងថា “ខ្ញុំមិនអត់ឱនឲ្យទេ ចំពោះសកម្មភាពកូនប្រើឥទ្ធិពលឪពុកឥឡូវដល់ចៅ ទៅត្រួតដល់ចៅទៀត ។ អត់មានទៅប្រើប្រាស់ឥទ្ធិពលជីតាទេ។ មានអាចៅមួយដែរ អាហ្នឹងដល់ទៅតិចទៅមានការណែនាំ វាដូច ជាទៅតំបន់ទេសចរណ៍ណាមួយ វាដើរចឹងទៅ រួចហើយវាថា វាចៅនាយករដ្ឋមន្រ្តី លឺសូរម្តាយវានិយាយចឹង ។ ថ្ងៃក្រោយចៅណាក៏ដោយគេស្គាល់ឬមិនស្គាល់ចៅកុំនិយាយឈ្មោះតាឲ្យសោះអាហ្នឹងត្រូវប្រយ័ត្ន”៕