ព័ត៌មានជាតិ

សម្ដេចតេជោ ប្រកាសថា សម្តេចបំបែកឯកគ្គទកម្ម ធ្វើជានាយករដ្ឋមន្ត្រី យូរជាងគេលើពិភពលោក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងប្រកាសថា សម្ដេចបានបំបែកឯកគ្គទកម្ម ក្នុងការធ្វើជានាយករដ្ឋមន្ត្រី យូរជាងគេនៅលើពិភពលោក ខណៈកាលពេលមុនធ្វើនាយករដ្ឋមន្ដ្រី ក្មេងជាងគេ។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ នៅព្រឹកថ្ងៃ៣០ មីនា សម្ដេចតេជោបានគូសបញ្ជាក់ថា សម្ដេច បានធ្វើជានាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំហើយ មកដល់ពេលនេះ ដោយសម្ដេចចោទសួរថា តើនៅលើពិភពលោកនេះ មាននរណាធ្វើនាយករដ្ឋមន្ត្រី បានយូរដូចសម្ដេច គឺមិនមានឡើយ។

សម្ដេចតេជោ លើកឡើងថា «ខ្ញុំបំបែកឯកគ្គទកម្មទីមួយ គឺជានាយករដ្ឋមន្ត្រី ដែលក្មេងជាងគេលើពិភពលោក កាលពី៣៨ឆ្នាំមុន ឥឡូវខ្ញុំបានបំបែកឯកគ្គទកម្មមួយទៀត គឺធ្វើជានាយករដ្ឋមន្ត្រី យូរជាងគេនៅលើពិភពលោក»។

ចំពោះករណីធ្វើជានាយករដ្ឋមន្រ្តីយូរជាងគេ ហើយក្រុមប្រឆាំងចោទ សម្ដេចតេជោថា ក្រាញអំណាចនោះ សម្ដេចឆ្លើយតបវិញថា ខ្លួនមិនបានធ្វើ (នាយករដ្ឋមន្រ្តី) ទើបពួកគេវិញបែរជាខិតខំស្វែងរក មធ្យោបាយគ្រប់បែបយ៉ាង ដើម្បីដណ្តើមអំណាច។ សម្ដេចបន្ដថា អ្នកខ្លះដេកយល់សប្តិចង់ក្លាយជានាយករដ្ឋមន្ត្រី ហើយខ្លះទៀត តាំងខ្លួនជានាយករដ្ឋមន្រ្តី តាមហ្វេសប៊ុកផងដែរ ។

សម្ដេចតេជោ បញ្ជាក់ទៀតថា «អ្នកឯងជាអ្នកដណ្ដើមអំណាច ជានាយករដ្ឋមន្ដ្រី ។ ចំណែកខ្ញុំ ជាអ្នកការពារអំណាច ជានាយករដ្ឋមន្ដ្រី ហើយរឿងអីខ្ញុំធ្វើមិនបាន?»។

ចំពោះបញ្ហាក្រុមប្រឆាំងថា សម្ដេចតេជោបណ្ដុះបណ្ដាលកូនរបស់ខ្លួន ឲ្យក្លាយខ្លួនធ្វើនាយករដ្ឋមន្ដ្រីនោះ សម្ដេចក៏ឆ្លើយតបវិញថា “ព្រោះខ្ញុំ មិនមែនបណ្ដុះបណ្ដាលកូន ឲ្យធ្វើមេចោលឡើយ»។

សម្ដេចតេជោ បន្ដថា លោក ហ៊ុន ម៉ាណែត សាកសមធ្វើជានាយករដ្ឋមន្ដ្រី នាពេលអនាគត ប៉ុន្ដែត្រូវឆ្លងកាត់៤ ដំណាក់កាល ទើបអាចធ្វើនាយករដ្ឋមន្ដ្រីបាន រួមមាន ៖ គណបក្សរបស់ខ្លួន ឯកភាពជាមុនសិន , ត្រូវបោះឆ្នោតឲ្យជាប់ជាសមាជិករដ្ឋសភា , ត្រូវទទួលការតែងតាំងពីព្រះមហាក្សត្រ ឲ្យធ្វើជានាយករដ្ឋមន្ដ្រី ទើបរៀបចំគណៈរដ្ឋមន្ដ្រី និងត្រូវឆ្លងកាត់រដ្ឋសភា បើសភាមិនផ្ដល់ការទុកចិត្ត ដល់គណៈរដ្ឋមន្ដ្រីនោះទេ គឺបានសេចក្ដីថា មិនក្លាយជានាយករដ្ឋមន្ដ្រីឡើយ៕

To Top