ព័ត៌មានអន្តរជាតិ

ឆ្មាំព្រំដែន របស់សេវាសន្តិសុខ សហព័ន្ធ ៖ យន្តហោះអ៊ុយក្រែនមួយគ្រឿង ធ្លាក់នៅព្រំដែនរុស្ស៊ី, អ្នកបើកយន្តហោះ ពាក់អាវការពារគ្រាប់ និងមានកាំភ្លើង AK

បរទេស៖ ឆ្មាំព្រំដែន របស់សេវាសន្តិសុខសហព័ន្ធ (FSB) បាននិយាយ កាលពីថ្ងៃពុធថា យន្តហោះធុនស្រាល របស់អ៊ុយក្រែនមួយគ្រឿង បានធ្លាក់នៅក្នុងតំបន់ Bryansk របស់ប្រទេសរុស្ស៊ី នៅជិតប្រទេសអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកបើកយន្តហោះបានរួចរស់ជីវិតពីការធ្លាក់នេះ ហើយត្រូវបានឃុំខ្លួន ។ សេវាព្រំដែនមិនបានបញ្ជាក់ថា នេះជាយន្តហោះយោធា ឬស៊ីវិល នោះទេ។

រូបភាពដែលបានចែករំលែកតាមអ៊ីនធឺណិតបង្ហាញពីអ្នកបើកយន្តហោះ ដែលទំនងជាស្លៀកសម្លៀកបំពាក់បែបយោធា និងមួកកីឡាបេស្បល។

ទីភ្នាក់ងារនេះបាននិយាយថា យន្តហោះបានធ្លាក់ដោយ “មិនដឹងមូលហេតុ” នៅជិតភូមិ Butovsk ដែលមានចម្ងាយ ២៥ គីឡូម៉ែត្រពីព្រំដែន។ អ្នកបើកយន្តហោះបានព្យាយាមរត់គេចខ្លួនត្រឡប់ទៅអ៊ុយក្រែនវិញ ប៉ុន្តែត្រូវបានស្ទាក់ចាប់ដោយក្រុមល្បាតព្រំដែន។

រូបភាពដែលលេចចេញតាមអ៊ីនធឺណិតបង្ហាញថា យន្តហោះដែលស្រដៀងនឹងយន្តហោះធុនស្រាល Aeroprakt A-22 Foxbat ផលិតដោយអ៊ុយក្រែន បានធ្លាក់ក្នុងទីវាល ។ តាមសេចក្តីរាយការណ៍ថា អ្នកបើកយន្តហោះមានអាវកាក់ការពារគ្រាប់កាំភ្លើង និងកាំភ្លើង AK មួយដើម ដែលគាត់បានព្យាយាមបោះចោលនៅកន្លែងយន្តហោះធ្លាក់៕

ប្រែសម្រួលៈ ណៃ តុលា

To Top