គៀវ ៖ ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន បានឲ្យដឹងថា អ៊ុយក្រែនត្រូវការថវិកាប្រហែលជាង ១៤ពាន់លានដុល្លារនៅឆ្នាំនេះ ដើម្បីអនុវត្តការស្តារឡើងវិញ យ៉ាងឆាប់រហ័សនៅក្នុងតំបន់ ដែលរងផលប៉ះពាល់ដោយជម្លោះ។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមចំនួននេះ ទឹកប្រាក់ប្រមាណ ៣,៣ ពាន់លានដុល្លារត្រូវបានបែងចែកពីថវិការដ្ឋ ហើយរដ្ឋាភិបាលអ៊ុយក្រែន សង្ឃឹមថា នឹងប្រមូលមូលនិធិ ដែលនៅសល់ពីម្ចាស់ជំនួយ និងវិស័យឯកជន។
យោងតាមសេចក្តីថ្លែងការណ៍ អ៊ុយក្រែនគ្រោងនឹងប្រមូលប្រាក់មួយ ផ្នែកតាមរយៈវេទិកាសម្របសម្រួល ម្ចាស់ជំនួយពហុភ្នាក់ងារ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
នៅឆ្នាំនេះ រដ្ឋាភិបាលអ៊ុយក្រែន នឹងផ្តោតលើការស្តារឡើងវិញ យ៉ាងឆាប់រហ័សនៅក្នុងតំបន់ដូចជា ហេដ្ឋារចនាសម្ព័ន្ធថាមពល ការដោះមីនមនុស្សធម៌ និងការស្ដារឡើងវិញនូវលំនៅដ្ឋានដែលខូចខាត ។
ការកសាងឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងសង្គម និងការគាំទ្រសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមក៏ជាអាទិភាព របស់រដ្ឋាភិបាលផងដែរ។ ដោយបានបើកដំណើរ ការនៅថ្ងៃទី២៦ ខែមករា វេទិកាសម្របសម្រួលម្ចាស់ជំនួយពហុភ្នាក់ងារ មានគោលបំណងសម្របសម្រួលយន្តការ ដែលមានស្រាប់ និងថ្មី ដើម្បីគាំទ្រថវិការបស់អ៊ុយក្រែន ក៏ដូចជាការងើបឡើងវិញ និងការកសាងឡើងវិញយ៉ាងឆាប់រហ័ស នេះបើយោង តាមសេចក្តីថ្លែងការណ៍៕
ប្រែសម្រួល ឈូក បូរ៉ា