កងពលតូចលេខ៧០ បានប្រារព្ធពិធីនិមន្តព្រះសង្ឃ សូត្រមន្ត រាប់បាត្រ បង្សុកូល និងពូនភ្នំខ្សាច់ ដើម្បីឧទ្ទិសកុសល ជូនដល់បុព្វការីជន យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងសុំសេចក្តីសុខ សប្បាយ និងដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ និងមេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន ព្រមទាំងក្រុមគ្រួសារសាច់ញា្ញតិ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការកងពលតូចលេខ៧០។
នៅក្នុងពិធីនេះដែរ ប្រជាជនខ្មែរភាគច្រើន ដែលមានជំនឿទៅលើសាសនាព្រះពុទ្ធ បាននាំគ្នាប្រគេនបច្ច័យ និងចង្ហាន់ជូនដល់ព្រះសង្ឃ ដេីម្បីឧទ្ទិសអាហារ និងទ្រព្យសម្បត្តិ លុយកាក់ទាំងអស់នេះ ឲ្យបានទៅដល់វិញ្ញាណក្ខន្ធឪពុក ម្តាយ បងប្អូន ជីដូនជីតា ដែលបានទទួលមរណភាព ។
ពីធីនេះតាមការតំណាលតៗគ្នាមក បានបញ្ជាក់ថា ជាវេលាមួយដែលទេវតាឆ្នាំចាស់ ត្រូវប្តូរចាកចេញពីភពចក្រវាលឋានកណ្តាល ហើយទេវតាថ្មី ចូលមកថែរក្សាគ្រប់គ្រងមនុស្សលោកបន្ត ជំនួសតាមឈ្មោះសម្គាល់ឆ្នាំទាំង១២ នៃតួអង្គព្រះនាម របស់ទេវតានីមួយៗ៕