ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ហើយថា នឹងមិនស្ទាក់ស្ទើរ ក្នុងការឆ្លើយតប យ៉ាងម៉ឺងម៉ាត់ ចំពោះការគំរាមកំហែង របស់អ៊ីស្រាអែលនោះទេ

តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា បេសកជនរបស់អ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា អ៊ីរ៉ង់ នឹងមិនស្ទាក់ស្ទើរក្នុងការផ្តល់ “ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់” ចំពោះការគំរាមកំហែងណាមួយ ពីអ៊ីស្រាអែលនោះទេ។

លោក Amir Saeid Iravani ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ និងជាតំណាងអចិន្ត្រៃយ៍ ប្រចាំអង្គការសហប្រជាជាតិ បានធ្វើការកត់សម្គាល់ នៅក្នុងលិខិតមួយផ្ញើ ជូនអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres និងជាប្រធានក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បន្ទាប់ពីមន្ត្រីឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ពីរនាក់ត្រូវបានសម្លាប់នៅ ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​ របស់​អ៊ីស្រាអែល ​នៅ​ស៊ីរី​កាល​ពី​សប្តាហ៍​មុន។

លោកបានពណ៌នាឧបទ្ទវហេតុនេះថាជា “ឧក្រិដ្ឋកម្មដ៏សាហាវ ក៏ដូចជាឧទាហរណ៍ជាក់ស្តែងមួយទៀត នៃការឈ្លានពានរបស់អ៊ីស្រាអែល ជាបន្តបន្ទាប់ និងជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិនៅលើទឹកដីស៊ីរី”។

លោក Iravani បានលើកឡើងថា អ៊ីស្រាអែលកំពុងបន្ត “សកម្មភាពឈ្លានពាន” របស់ខ្លួនប្រឆាំងនឹងស៊ីរី ដោយមិនខ្វល់ខ្វាយអំពីផលវិបាករបស់ពួកគេ និងទទួលទណ្ឌកម្មពីសហគមន៍អន្តរជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានអំពាវនាវដល់សហគមន៍អន្តរជាតិ និងជាពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឱ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ចប់ “ការបំពាន” បែបនេះ ហើយឱ្យអ៊ីស្រាអែល ទទួលខុសត្រូវចំពោះរាល់សកម្មភាព “ប្រឆាំងច្បាប់អន្តរជាតិ” របស់ខ្លួន។

យោងតាមទូរទស្សន៍ជាតិស៊ីរីបានឲ្យដឹងថា អ៊ីស្រាអែល បានបើកការវាយប្រហារដោយកាំជ្រួចចំនួនពីរលើទីតាំងក្នុងទីក្រុងដាម៉ាស់ កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍មុន ។ ប្រភពព័ត៌មានពីបានឲ្យដឹងថា កងកម្លាំឆ្នាំបដិវត្ដន៍អ៊ីរ៉ង់ IRGC បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារ ដោយកាំជ្រួចរបស់អ៊ីស្រាអែល ដោយថាពួកគេបានរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដី នៃប្រទេសអារ៉ាប់ឯករាជ្យមួយ៕

To Top