ព័ត៌មានជាតិ

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និង កាត់ឫសសីមា ក្នុងវត្តគិរីរង្សីថ្មដូន

ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និង កាត់ឫសសីមា ក្នុងវត្តគិរីរង្សីថ្មដូន
ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានយាងជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះខណ្ឌសីមា កាត់ឫសសីមា ក្នុងវត្តគិរីរង្សីថ្មដូន ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។

បើតាម លោក ញៀន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល អោយដឹងថា វត្តគិរីរង្សីថ្មដូន បានកសាងឡើងដោយ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងព្រះអង្គម្ចាស់ក្សត្រិយ៍ ព្រមទាំងសហការី ព្រមទាំងប្រជាពុទ្ធបរិស័ទ្ធ ក្នុងព.ស ២៥៣០ គ.ស ១៩៨៧ ក្នុងដំណាក់កាលដែលកម្ពុជាយើង នៅមានសង្រ្គាមនៅឡើយ ។ ដើមឡើយព្រះវិហារ ត្រូវបានសាងសង់ឡើងពីឈើ ប្រក់ស័ង្គសី ដែលជាទីសម្រាប់ព្រះសង្ឃ ប្រជារាស្ត្រ ពុទ្ធបរិស័ទ្ធ ប្រារព្ធពិធីសាសនា ។ វត្ត និងព្រះវិហារនេះ ស្ថិតលើខ្នងភ្នំ ជាប់ព្រំដែនព្រះរាជាណាចក្រកម្ពុជា ថៃ ដែលជាតំបន់ដាច់ស្រយាល ក្រលំបាក ខ្វះខាត និងរងនូវការបំផ្លិចបំផ្លាញពីធម្មជាតិផង និងសង្រ្គាមវិវាទ ប្រាសាទព្រះវិហារនៅ ឆ្នាំ២០០៨ផង ។

លោក បន្ថែមថា មកដល់សព្វថ្ងៃនេះ វត្តគិរីរង្សីថ្មដូន ត្រូវបានរៀបចំកសាង សម្រេចបានសមទ្ធិផលជាច្រើន មានព្រះវិហារ សាលាធម្មសភា កុដិ ដោយប្រជាពុទ្ធបរិស័ទ្ធ ជិតឆ្ងាយ ។

នៅក្នុងឱកាសដ៏នក្ខឬក្ស នៃការយាងប្រារព្ធពិធីកាត់ឫសសីមា ក្នុងព្រះវិហារ វត្តគិរីរង្សីថ្មដូន ក៏មាន កម្មវិធីពុទ្ធាភិសេក ព្រះពុទ្ធរូប ដែលជាសទ្ធាជ្រះថ្លារបស់ព្រះអង្គម្ចាស់ផ្ទាល់ និងកម្មវិធីដាំកូនឈើ កម្មវិធីចែកព្រះអំណោយ ដល់ប្រជារាស្ត្រ ប្រមាណជាង ២០០គ្រួសារ ដើម្បីថ្វាយព្រះរាជកុសលថ្វាយ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ អ្នកតស៊ូ បុព្វបុរស អ្នកពលី ក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ប្រជារាស្ត្រ និងទឹកដីកម្ពុជា៕

To Top