តូក្យូ៖ ក្រសួងការបរទេសជប៉ុន បានឲ្យដឹងនៅក្នុងរបាយការណ៍ គោលនយោបាយប្រចាំឆ្នាំរបស់ខ្លួន ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះថា ការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនបានក្លាយជា “និមិត្តសញ្ញា” នៃការបញ្ចប់នៃយុគសម័យ ក្រោយសង្គ្រាមត្រជាក់។
នៅក្នុងសៀវភៅខៀវការទូតឆ្នាំ២០២៣ ប្រទេសជប៉ុនក៏បានបង្ហាញពីជំហរ តឹងរ៉ឹងប្រឆាំងនឹងប្រទេសចិន ដែលបានជំរុញសកម្មភាពយោធា ដែនសមុទ្ររបស់ខ្លួន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ជាលើកដំបូង វាបានសន្យា នៅក្នុងរបាយការណ៍ថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅជាមួយប្រជាជាតិ “សកលខាងត្បូង”។
របាយការណ៍បានឲ្យដឹងថា “និន្នាការនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ” បាននិងកំពុងចុះខ្សោយជាសាកល ទោះបីជាត្រូវបានពង្រឹងបន្ទាប់ពី បញ្ចប់សង្គ្រាមត្រជាក់ក្នុងឆ្នាំ១៩៨៩ ក៏ដោយ ប៉ុន្តែប្រភពក៏បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការ គឺចាំបាច់នៅពេលនេះ ដើម្បីទប់ទល់នឹងសកម្មភាពឈ្លានពាន របស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន និងបញ្ហាសកលផ្សេងទៀត រួមទាំងការប្រែប្រួលអាកាសធាតុ។
ប្រទេសជប៉ុន បានព្រមានថា ករណីនៃភាពតានតឹងការទូត និងការប្រឈមមុខដាក់គ្នា ជុំវិញពិភពលោកអាចកើនឡើង ប្រឆាំងនឹងផ្ទៃខាងក្រោយនៃ ភាពមិនដំណើរការរបស់អន្តរជាតិ ដោយបង្កើតស្ថានភាពមួយដែល “ទំនាក់ទំនងអន្តរជាតិត្រូវបានទាក់ទងគ្នា តាមរបៀបស្មុគស្មាញជាមួយ នឹងការប្រឈមមុខគ្នា ការប្រកួតប្រជែង និងកិច្ចសហប្រតិបត្តិការ” ។
របាយការណ៍នេះត្រូវបានបង្ហាញ នៅពេលដែលការប្រេះឆារវាង ប្រទេសប្រជាធិបតេយ្យអភិវឌ្ឍន៍ធំៗ និងជំរុំរុស្ស៊ី-ចិន កាន់តែតានតឹង ដែលតំណាងដោយភាពមិនដំណើរការ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងការដោះស្រាយសង្រ្គាមនៅអ៊ុយក្រែន ដែលធ្វើឡើងដោយទីក្រុងមូស្គូក្នុងខែកុម្ភៈ ឆ្នាំ២០២២។
រុស្ស៊ី និងចិន គឺជាសមាជិកអចិន្ត្រៃយ៍ចំនួន ៥ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលមានអំណាចវេតូ រួមជាមួយនឹងសហរដ្ឋអាមេរិក អង់គ្លេស និងបារាំង ដែលបាននិងកំពុងដាក់ទណ្ឌកម្ម សេដ្ឋកិច្ចលើទីក្រុងមូស្គូ ជុំវិញការឈ្លានពានប្រឆាំងនឹង ប្រទេសជិតខាង ៕
ប្រែសម្រួល ឈូក បូរ៉ា