បរទេស៖ ជនទំនើង និងជាអតីតអ្នកនយោបាយរបស់ប្រទេសឥណ្ឌា លោក Atiq Ahmed ត្រូវបានគេបាញ់សម្លាប់ក្នុងអំឡុងពេលផ្សាយផ្ទាល់ មួយកាលពីយប់ថ្ងៃសៅរ៍ ខណៈពេលដែលគាត់ និងបងប្រុសរបស់គាត់ ត្រូវបានឈរអមដោយប៉ូលីស ពេលនិយាយជាមួយអ្នកសារព័ត៌មាន។ ឃាតកម្មនេះបានកើតឡើងនៅក្នុងទីក្រុង Prayagraj ដែលត្រូវបានគេស្គាល់ថាជា Allahabad ក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងនៃប្រទេសឥណ្ឌា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Atiq Ahmed ដែលកំពុងជាប់ទោសមួយជីវិត ពីបទចាប់ជំរិត ហើយប្អូនប្រុសរបស់គាត់ឈ្មោះ Ashraf កំពុងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាព។
ដៃជាប់ខ្នោះ និងឈរអមដោយប៉ូលីស លោក Ahmed បាននិយាយទៅកាន់អ្នកកាសែតជាច្រើននាក់ ពេលដែលគាត់ត្រូវបានគេបាញ់ នៅចម្ងាយយ៉ាងជិត។ ប្អូប្រុសរបស់គាត់ក៏ត្រូវបានសម្លាប់ដែរ ចំណែកប៉ូលិសម្នាក់ និងអ្នកយកព័ត៌មានម្នាក់ បានរងរបួស។
ពេលដែលជនដៃដល់ដកកាំភ្លើងជិតក្បាលរបស់ Ahmed ក៏ត្រូវបានគេថតវីដេអូបានផងដែរ។ អ្នកវាយប្រហារផ្សេងទៀត ក៏ត្រូវបានគេមើលឃើញថា បានបាញ់ជាច្រើនគ្រាប់មកលើសាកសព បន្ទាប់ពីទាំងពីរនាក់បងប្អូន បានដួលលើដី។
ជនសង្ស័យ៣នាក់ ត្រូវបានឃាត់ខ្លួននៅកន្លែងកើតហេតុ។ មន្ត្រីប៉ូលីស Ramit Sharma បាននិយាយថា អ្នកវាយប្រហារបានចូលទៅជិត Ahmed ដោយធ្វើខ្លួនជាអ្នកកាសែត។ លោកបាននិយាយថា៖ «វាបានកើតឡើងក្នុងពេលតែមួយវិនាទីប៉ុណ្ណោះ។
ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានដកស្រង់ ប្រភពរដ្ឋាភិបាលក្នុងតំបន់ដែលនិយាយថា ជនសង្ស័យទាំងអស់មានប្រវត្តិឧក្រិដ្ឋកម្ម។ យោងតាមរបាយការណ៍ឧក្រិដ្ឋកម្ម ដែលដកស្រង់ដោយសារព័ត៌មាន អ្នកវាយប្រហារបានប្រាប់មន្ត្រីថា ពួកគេចង់សម្លាប់បងប្អូន Ahmed “ដើម្បីក្លាយជាមនុស្សល្បី”៕ ប្រែសម្រួលៈ ណៃ តុលា