ភ្នំពេញ៖ ក្រោមដំបូលសុខសន្តិភាព នៃការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយគ្រប់រាជធានី ខេត្តទទួលបានការអភិវឌ្ឍឥតឈប់ឈរ ក្នុងនោះខេត្តកែបតារះភាគនិរតី ក៏សម្រេចបានលទ្ធផលការអភិវឌ្ឍ ជាហូរហែដូចភ្លៀងរលឹម ។
រដ្ឋបាលខេត្តកែប ក្រោមការដឹកនាំរបស់លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ត្រូវអ្នកខេត្តកែប កោតសរសើរជាបន្តបន្ទាប់ ដោយសារលោកបានបន្តខិតខំកសាង ស្តារ និងជួសជុលឡើងវិញ នូវហេដ្ឋារចនាសម្ពន្ធ លើកកម្ពស់សោភណភាពសាធារណៈ ដែលធ្វើឱ្យរដ្ឋបាលខេត្តទទួលជ័យលាភី ជាបន្តបន្ទាប់ដូចជា ជ័យលាភី «ឡាបែលទីក្រុងទេសចរណ៍ ស្អាតអាស៊ាន» ពានរង្វាន់ «ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន» លើសូចនាករ ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត ពានរង្វាន់ «ឡាបែលឆ្នេរខ្សាច់កំសាន្តស្អាត ក្រុងកែបបានទទួលវិញ្ញាបនបត្រទទួលស្គាល់ ជាទីក្រុង និរន្តរភាពបរិស្ថានអាស៊ាន លើកទី៤ កាលពីឆ្នាំលើសូចនាករ «ខ្យល់ស្អាត»។
បើតាមលោក ប៊ុន យោង អភិបាលរងខេត្តកែប បានឱ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ដឹងនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៣ នេះថា លើចលនាប្រឡង ប្រណាំងទីក្រុងស្អាត ក្រុងកែប ខេត្តកែបទទួលបានជ័យលាភី «ផ្ការំដួលបីទង» ចំនួន២លើកជាប់ៗគ្នា ហើយ ឆ្នាំ២០២៣នេះ ក្រុងកែបក៏បានទទួលជ័យលាភី «ផ្ការំដួលបីទង» ជាថ្មីម្តងទៀតដែលជាជោគជ័យលើកទី៣។ មិនតែប៉ុណ្ណោះក្រុងកែប ខេត្តកែប ក៏បានឈានពីទីក្រុងនិរន្តរភាពបរិស្ថានអាស៊ានទៅជា «ទីក្រុងឈានមុខ អាស៊ាន»ទៀតផង។
លោកបន្តថា រីឯលើការងារវប្បធម៌វិញ ក្រុមល្ខោនបាសាក់ «រស្មីវប្បធម៌ខេត្តកែប» ទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ១ ក្នុងមហោស្រពល្ខោនបាសាក់ ទូទាំងប្រទេស ឆ្នាំ២០២២, ជ័យលាភីការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ដែលមាន ១២ប្រភេទកីឡា ស្មើនឹង ៦០វិញ្ញាសា ជាលទ្ធផលកីឡាករ កីឡាការិនី ខេត្តកែបទទួលបានមេដាយចំនួន ៣០គ្រឿង ក្នុងនោះ មាសចំនួន ៨គ្រឿង ប្រាក់ចំនួន ១៣គ្រឿង សំរឹទ្ធ ចំនួន ៩គ្រឿង ព្រមជាមួយស្នាដៃ និងពានរង្វាន់ជាច្រើន លទ្ធផលទាំងនេះ បានជះឥទ្ធិពលដល់កំណើន ភ្ញៀវទេសចរ បង្កលក្ខណៈជូនប្រជាពលរដ្ឋ ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត ជំរុញឱ្យមានកំណើនសេដ្ឋកិច្ចនៅមូលដ្ឋាន ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ព្រមទាំងទទួលបានអ្នកវិនិយោគជាច្រើន ចូលមកវិនិយោគ និងចាប់ផ្តើមគម្រោងវិនិយោគ របស់ដែលមានពីមុនជាបន្តបន្ទាប់។
ខេត្តកែប មានកោះចំនួន១២ និងថ្មប៉ប្រះទឹក១ ដែលសុទ្ធសឹងតែជាទីតាំងសក្តានុពលខ្ពស់ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងមិនតែប៉ុណ្ណោះ ខេត្តកែប មានព្រៃកោងកាងចំនួន៣កន្លែង មានផ្ទៃក្រឡា ១០០៥ហិកតា ជាជម្រករបស់បក្សី ស្វា និងសត្វល្មូនផ្សេងៗ ដ៏ច្រើនសន្ធឹកសន្ធាប់។ ព្រៃកោងកាង ក៏ជាកន្លែងសម្រាប់ត្រីពង បង្គា និងក្ដាមរស់នៅផងដែរ។ ឫសដ៌ច្រើនឥតគណនារបស់ដើមកោងកាង ជារនាំងទប់ភក់ និងដីល្បាប់នៅរដូវវស្សា។ វាក៌ជួយរាំងស្ទាក់កម្ទេចកម្ទីផ្សេងៗ ដែលហូរមកតាមរលកសមុទ្រ ហើយធ្វើឲដីកាន់តែមានជីជាតិ និងជួយការពារឆ្នេរសមុទ្រផងដែរ។ វាបញ្ចៀសការបំផ្លិចបំផ្លាញភូមិដ្ឋានពីខ្យល់ព្យុះសង្ឃរា ឬពីជំនន់ទឹកសមុទ្រ(ទឹករលកធំៗ)នៅពេលមានព្យុះ ជាដើម៕