បរទេស៖ ជម្លោះអ៊ុយក្រែនគឺពិតជាអំពី ការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង រវាងលោកខាងលិច និងរុស្ស៊ី ខណៈពេលដែលប្រទេសចិន ប្រឆាំងនឹងសណ្តាប់ធ្នាប់ពិភពលោក ដោយផ្អែកលើតម្លៃរបស់លោកខាងលិច នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ 2022 ដោយសេវាសន្តិសុខ និងចារកម្មទូទៅ General Intelligence and Security Service (AIVD) របស់ប្រទេសហូឡង់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយចុះផ្សាយក្នុងសប្តាហ៍នេះ របាយការណ៍នេះបានអះអាងថា រុស្ស៊ីមើលឃើញខ្លួនឯង “មិនត្រឹមតែធ្វើសង្រ្គាមជាមួយ អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏មានសង្រ្គាម ជាមួយលោកខាងលិចផងដែរ” ខណៈពេលដែលលោកខាងលិច ចាត់ទុកជម្លោះនេះថា ជា “អំពីបទដ្ឋាន តម្លៃ សេរីភាព និងភាពរុងរឿងរបស់យើងផងដែរ”។
យោងតាម AIVD ខណៈពេលដែលអ៊ុយក្រែន គឺជាសមរភូមិយោធា ចំពោះទីក្រុងមូស្គូវិញ ជម្លោះកាន់តែទូលំទូលាយគឺ “អំពីទំនាក់ទំនងភូមិសាស្ត្រនយោបាយ នៅលើពិភពលោក” ។ រុស្ស៊ីជឿថាវាជាជម្លោះអត្ថិភាព និងកំពុងព្យាយាម “បំផ្លាញលទ្ធិប្រជាធិបតេយ្យលោកខាងលិច” ។
AIVD បាននិយាយថា លើសពីជម្លោះយោធារវាងប្រទេសទាំងពីរ ការប្រយុទ្ធគ្នានៅអ៊ុយក្រែន “ភ្លាមៗបានពន្លឿនការវិវឌ្ឍន៍ ដែលកំពុងកើតមានក្នុងពិភពលោក ជាយូរយារណាស់មកហើយ ដោយផ្លាស់ប្តូរទំនាក់ទំនងរវាងក្រុមប្រទេស និងអាចមានឥទ្ធិពលលើរបៀបដែល ប្រទេសមានទំនាក់ទំនងគ្នា ទៅវិញទៅមកយូរមកហើយ។ សរុបមក វាបានប្រែក្លាយទៅជាភាពតក់ស្លុត នៃប្រព័ន្ធភូមិសាស្ត្រនយោបាយ” ៕
ប្រែសម្រួលៈ ណៃ តុលា