រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ថា មនុស្សចំនួន៦នាក់បានស្លាប់ និង១០៩នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីខ្យល់ព្យុះកំបុតត្បូងមួយបានបោកបក់នៅភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ ។
ខ្យល់ព្យុះកំបុតត្បូងបានវាយប្រហារភូមិនានានៅក្នុងសង្កាត់ Lewe នៃ Nay Pyi Taw Union នៅម៉ោងប្រហែលម៉ោង៦និង៤៥នាទីល្ងាច ។ នាយកដ្ឋានសេវាពន្លត់អគ្គីភ័យរបស់មីយ៉ាន់ម៉ា បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងម៉ោង១២និង១៥នាទីល្ងាច ម៉ោងសកល កាលពីថ្ងៃសុក្រ ។
មន្ត្រីប៉ូលិសនៅក្នុងតំបន់បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មានស៊ិនហួរកាលពីថ្ងៃសៅរ៍ថា “មនុស្សចំនួន៦នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និង១០៩នាក់ផ្សេងទៀតបានរងរបួសដោយសារតែខ្យល់បក់បោកខ្លាំង។ ក្នុងចំណោម១៦នាក់នៃអ្នករងរបួសស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ” ដោយបន្ថែមថា មិនមានអ្នកស្លាប់ទៀតទេរហូតដល់ព្រឹកថ្ងៃនេះ ។
នាយកដ្ឋានពន្លត់អគ្គីភ័យបានបញ្ជាក់ថា ចំនួនអ្នកស្លាប់រួមមានប្រុស២នាក់ និងស្រី៤នាក់ ដោយបន្ថែមថា ផ្ទះជាង២០០ ខ្នងក៏រងការខូចខាតដោយសារខ្យល់ព្យុះកំបុតត្បូងនេះផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា