ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ថា ចំនួនអ្នកស្លាប់ដោយសារ ការបំផ្ទុះគ្រាប់បែកពីរលើកកាលពីថ្ងៃចន្ទ នៅក្នុងស្ថានីយ៍ប៉ូលិសមួយនៅក្នុងស្រុក Swat នៃខេត្ត Khyber Pakhtunkhwa (KP) ស្ថិតនៅភាគពាយ័ព្យនៃ ប្រទេសប៉ាគីស្ថានបានកើនឡើងដល់ ១៧នាក់ហើយ និងយ៉ាងហោចណាស់ ពលរដ្ឋ៧០នាក់ ផ្សេងទៀតបានរងរបួស ។ មន្ត្រីសុខាភិបាល និងប៉ូលិសបានឲ្យដឹងដូច្នេះ។
ដោយបញ្ជាក់ពីអ្នកស្លាប់ និងរបួស លេខាធិការសុខាភិបាល KP លោក Mahmood Aslam Wazir បានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួថា ចំនួនអ្នកស្លាប់បានកើនឡើង បន្ទាប់ពីអ្នករងរបួសជាច្រើននាក់ បានស្លាប់បាត់បង់ជីវិត ហើយសាកសពជាច្រើនទៀត ត្រូវបានទាញចេញពីកម្ទេចកម្ទីនៃ អគារប៉ុស្តិ៍ប៉ូលិសដែលបានដួលរលំ បន្ទាប់ពីការបំផ្ទុះដ៏ខ្លាំងក្លាកើតឡើង ។
លោកបានឲ្យដឹងទៀតថា យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់ ក្នុងចំណោមអ្នករងរបួស ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយបានបន្ថែមថា មន្ទីរពេទ្យទូទាំងស្រុក បានដាក់ការប្រុងប្រយ័ត្នខ្ពស់ ហើយបុគ្គលិកពេទ្យទាំងអស់ ត្រូវបានណែនាំឲ្យរាយការណ៍ទៅតាមភារកិច្ចរៀងៗខ្លួន ដើម្បីទប់ទល់នឹងគ្រោះអាសន្នផ្សេងៗកើតឡើង ។
អ្នកស្លាប់រួមមានប៉ូលិសចំនួន៩នាក់ ជនស៊ីវិល៣នាក់ និងអ្នកទោស៥នាក់ នៅក្នុងការបំផ្ទុះចំនួន២ដង ដែលបានកើតឡើងនៅក្នុងស្ថានីយប៉ូលិស ។នាយកដ្ឋានប្រឆាំងភេរវកម្ម ហៅកាត់ថា (CTD) ក្នុងតំបន់ Kabal នៃស្រុក Swat ។
ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែដំណើរការ នៅកន្លែងបំផ្ទុះសម្រាប់ថ្ងៃទី២ ហើយក្រុមមន្ត្រីជួយសង្គ្រោះ កំពុងធ្វើការយកប្រមូលកម្ទេចកម្ទី ខណៈដែលអគារនៅក្បែរនោះរួមមានផ្ទះ វិហារឥស្លាម និងសាលារៀនមួយបានខូចខាតផងដែរ ដោយសារផលប៉ះពាល់ពីការផ្ទុះនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា