ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញពិនិត្យ សមិទ្ធផលស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុ។
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់កម្រិតស្ដង់ដានៅខេត្ដព្រះសីហនុ គឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនដូចជា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន ៣៧ ខ្សែ ,អគារខ្ពស់ៗ និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនទៀតដែលរាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិការដ្ឋ និងធនធានក្នុងប្រទេស ប្រែក្លាយខេត្ដនេះជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដ៏សំខាន់នៅក្នុងប្រទេស។
ស្ថានីយប្រព្រឹត្ដិកម្មទឹកកខ្វក់ចំនួន៣ ត្រូវបានសាងសង់ឡើងនៅក្នុងខេត្ដននេះ។ ស្ថានីយនេះធ្វើឡើងដោយបំពាក់បច្ចេកវិទ្យាចុងក្រោយ MABR ដែលជាបច្ចេកវិទ្យានវានុវត្ដន៍របស់អ៊ីស្រាអែល។ ស្ថានីយនេះគឺជាផ្នែកសំខាន់មួយដើម្បីឱ្យក្រុងព្រះសីហនុក្លាយជាទីក្រុងទំនើប (Smart- City) នៅក្នុងប្រទេសផងដែរ។
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី ១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥ ២០០ ម៉ែត្រគុបក្នុង ១ ថ្ងៃទទួលរងទឹកកខ្វក់ពីតំបន់ទី ៣ ដែលមានផ្ទៃដី ៣៦៤ ហិកតាស្ថិតក្នុងសង្កាត់លេខ ៣។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី ២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧ ២០០ ម៉ែត្រគុបក្នុង ១ ថ្ងៃទទួលរងទឹកកខ្វក់ពីតំបន់ទី ៤ ដែលមានផ្ទៃដី ៤៨៦ ហិកតាស្ថិតក្នុងសង្កាត់លេខ ៣។ ចំណែកឯស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី ៣ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០ ០០០ ម៉ែត្រគុបក្នុង ១ ថ្ងៃទទួលរងទឹកកខ្វក់ពីតំបន់ទី ៥ និងតំបន់ទី ៦ ដែលមានផ្ទៃដី ២ ៦៩០ ហិកតា ស្ថិតក្នុងសង្កាត់លេខ ៤ ដែលសាងសង់ដោយក្រុមហ៊ុន X-WATER TECHNOLOGY CO.,LTD៕