បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ថា មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើកបានបង្កឱ្យមានអគ្គីភ័យដ៏ធំមួយ នៅឯឃ្លាំងប្រេងមួយកន្លែង នៅឧបទ្វីបគ្រីមៀដែលគ្រប់គ្រងដោយរុស្ស៊ី ។
រូបភាពតាមប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីអណ្តាតភ្លើងកំពុងឆាបឆេះចេញពីកន្លែងស្តុកប្រេង នៅក្នុងទីក្រុង Sevastopol ដែលជាទីក្រុងសំខាន់ របស់ឧបទ្វីបគ្រីមៀ កាលពីព្រឹកថ្ងៃសៅរ៍នេះ ។
អ្នកគ្រប់គ្រងតំបន់ដែលតែងតាំង ដោយក្រុងម៉ូស្គូបានលើកឡើងថា ក្រោយមកភ្លើងត្រូវបានពន្លត់ហើយ គ្មាននរណាម្នាក់រងរបួសនោះទេ ។
គួររំលឹកថា កាលពីថ្ងៃសុក្រ រុស្ស៊ី បានបើកការវាយប្រហារតាមអាកាសនៅក្នុងទីក្រុងនានា ទូទាំងប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្ស យ៉ាងតិច២៥នាក់។ វាជាការវាយប្រហារលើកដំបូង ក្នុងរយៈពេលប៉ុន្មានខែមកនេះ ។
ឧបទ្វីប គ្រីមៀ ដែលត្រូវបានបញ្ចូលដោយរុស្ស៊ី នៅក្នុងឆ្នាំ២០១៤ គឺជាទីតាំង នៃមូលដ្ឋានទ័ពជើងទឹកដ៏សំខាន់ សម្រាប់កងនាវាចរសមុទ្រខ្មៅរបស់ទីក្រុងម៉ូស្គូ ។
អភិបាលខេត្ត Mikhail Razvozhayev បានលើកឡើងនៅលើកម្មវិធីផ្ញើសារ Telegram ថា “យោងតាមព័ត៌មានបឋម អគ្គិភ័យនេះបណ្តាលមកពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក” ។
វាកើតឡើង៥ថ្ងៃ បន្ទាប់ពីមន្រ្តីរុស្ស៊ី បានអះអាងថា ពួកគេបានការពារការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកដោយយោធាអ៊ុយក្រែន នៅក្នុងតំបន់តែមួយ ។ គ្រីមៀ បានរងការវាយប្រហារម្តងហើយម្តងទៀត ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែន កើតឡើង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា